(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនកម្មករ កម្មការីនី និយោជិតជាង ៧០០នាក់ ដែលបម្រើការងារនៅសហគ្រាសធុនតូចកាត់ដេរសម្លៀកបំពាក់ ក្រុមហ៊ុនថប ស៊ីលវើរ លីមីធីត ស្ថិតនៅភូមិលេខ៥ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។
លោក អ៊ុំ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កន្លងទៅលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិត នៅក្រុមហ៊ុន ថបស៊ីលវើរ លីមីធីត សាខាទី១ នេះ ចំនួនមួយដងរួចមកហើយ។ ថ្ងៃនេះ ជាលើកទី២ដែល លោកបណ្ឌិត បានមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ៧៤៥នាក់ ជាថ្មីម្ដងទៀត។
នេះជាការបង្ហាញឲ្យឃើញពីកាយវិការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំជាតិដទៃទៀត ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតទាំងអស់ នៅទូទាំងប្រទេសនិយាយជារួម និងក្នុងខេត្តត្បូងឃ្មុំ និយាយដោយឡែកផងដែរ។
នាឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញជួបជាមួយប្អូនៗក្មួយៗ កម្មករ និយោជិត ជាថ្មីម្តងទៀត។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងរំលឹកដល់កម្មករ កម្មការនីថា អ្វីដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន ដោយសារតែកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំរកមកដោយលំបាក ក្នុងការលះបង់តស៊ូគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
លោកបណ្ឌិត បន្តលើកឡើងថា ទន្ទឹមនេះ ភាពរីកចំរើននៃប្រទេសជាតិ ពិសេសសមិទ្ធផលសង្គមកើតមានឡើង នៅពាសពេញផ្ទៃប្រទេសដូចជាការនាំមកនូវការងារ និងអត្ថប្រយោជន៍ជាច្រើនជូនបងប្អូនកម្មករ កម្មការនី បានធ្វើដូចសព្វថ្ងៃនេះ គឺផ្អែកលើកត្តាសុខសន្តិភាពនេះ ដែលជាមូលដ្ឋានគ្រឹះ ក្នុងដំណើរកិច្ចអភិវឌ្ឍប្រទេស និងការរីកចម្រើនលើគ្រប់វិស័យធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិ ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាបន្តបន្ទាប់ និងដើម្បីភាពសុខសាន្តត្រាណ និងភាពរីកចម្រើនរបស់ប្រទេសជាតិ បន្តទៅមុខទៀត។
លោកបណ្ឌិតអភិបាលខេត្ត គូសបញ្ជាក់ថា ជាក់ស្តែងរដ្ឋបាលខេត្ត បាននឹងកំពុងយកចិត្តទុកដាក់រៀបចំសោភ័ណភាពខេត្ត អោយបានកាន់តែល្អប្រសើបន្ថែមទៀត ទន្ទឹមពេលដែលរដ្ឋបាលមានកម្មវិធីរៀបចំព្រឹត្តិការណ៍សំខាន់ៗ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូន កូនក្មួយ កម្មករ និយោជិត អញ្ជើញចូលរួមលេងកម្សាន្ត និងទស្សនា នៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំយើង អោយបានច្រើនកុះករ។
ជាចុងក្រោយ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់បងប្អូនកម្មករ កម្មការនីទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តរក្សាសន្តិភាពជូនជាតិមាតុភូមិ ពិសេសបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនបន្តទៀតជូនបងប្អូនកម្មករ កម្មការនីទាំងអស់ទាំងក្នុង និងក្រៅប្រទេស។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចែកជូនប្អូនៗក្មួយៗកម្មករ កម្មការនីជាង៧០០នាក់ ក្នុងម្នាក់ក្រមាlogoរដ្ឋបាលខេត្តចំនួនមួយ និងថវិកាមួយចំនួន ព្រមទាំងរាំលេងកំសាន្តសប្បាយរីករាយ ក្រោមម្លប់សន្តិភាព៕