Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នឹងបង្ហាញមុខក្នុងកិច្ចប្រជុំ​ ថ្នាក់តំបន់អាស៊ាននៅប្រទេសឡាវ

23-07-2016 13:20

(ព្យុងយ៉ាង)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong Ho បានចាកចេញពីទីក្រុងព្យុងយ៉ាង ហើយនៅល្ងាចថ្ងៃសៅរ៍នេះ ដើម្បីចូលក្នុងវេទិកាតំបន់អាស៊ាន ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ខាងមុខនេះ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦។

នៅក្នុងការជូនដំណើរនៅព្រលានយន្តហោះ Sunan ទីក្រុងព្យុងយ៉ាងនោះដែរ គេសង្កេតឃើញមាន ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកូរ៉េខាងជើងលោក Phonekham Inthaboualy និងឯកអគ្គរដ្ឋទូតចិន លោក Lu Jinjun ផងដែរ។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ដែលទើបឡើងកាន់តំណែងថ្មី នាខែឧសភារូបនេះ ហាក់បង្ហាញពីវត្តមានដោយបើកចំហរលើឆាកអន្តរជាតិ ជាងរដ្ឋមន្ត្រីមុនគឺលោក Ri Su Yong។

គួរបញ្ជាក់ថាវេទិកាថ្នាក់តំបន់អាស៊ាន (ASEAN Regional Forum) នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២៦ ខែកក្កដា សប្តាហ៍ក្រោយនេះ ដែលនឹងមានការចូលរួមពីមន្ត្រីតំណាងជាន់ខ្ពស់មកពីប្រទេសចំនួន ២៧ ក្នុងនោះក៏មានរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ានទាំង ១០ផងដែរ។ វាជាកិច្ចពិភាក្សាថ្នាក់តំបន់ស្តីកិច្ចសន្ទនា និងសហប្រតិបត្តិការសន្តិសុខ ដែលបាន ចាប់ផ្តើមឡើងដំបូងនៅឆ្នាំ ១៩៩៣៕