(ភ្នំពេញ)៖ ក្រោយក្លាយជាសមាជិកគណក្សប្រជាជនកម្ពុជា លោក គង់ រ៉ៃយ៉ា អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន និងជាអតីតបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលភ្នំពេញ នៃគណបក្សភ្លើងទៀន បានចេញវីដេអូថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្រកាសប្តេជ្ញាចិត្តរកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ រ៉ៃយ៉ា ថែមទាំងអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជានិរន្តរ៍ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Telegram បានអរគុណលោក គង់ រ៉ៃយ៉ា ចំពោះការប្តេជ្ញាចិត្តរបស់ខ្លន។
សូមជម្រាបថា ថ្មីៗនេះ សម្តេចតេជោ បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក គង់ រ៉ៃយ៉ា ដែលសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូ និងលិខិតសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា លោក គង់ រ៉ៃយ៉ា ដែលជាសកម្មជនដ៏សកម្មរបស់បក្សប្រឆាំង បានបញ្ជាក់ថា ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយ និងការដឹកនាំប្រទេសដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ប្រជាជនរស់ដោយក្តីសុខសាន្ត ហើយប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោក គង់ រ៉ៃយ៉ា បានលើកឡើងទៀតថា គុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ដែលមានចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសស្វែងរកសន្តិភាព ដោយបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា នៅក្រោមគោលនយោបាយឈ្នះៗ ដែលប្រជាជនកម្ពុជាគ្រប់ៗរូប ត្រូវតែចងចាំនៅក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា៕
ខាងក្រោមនេះជាវីដេអូ៖