(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រុមប្រឆាំងកំពុងធ្វើយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត ហើយសម្តេចព្រមានថា អ្នកគូសបំផ្លាញសន្លឹកឆ្នោតប្រយ័ត្នប្រឈមផ្លូវច្បាប់។
សម្តេចតេជោ ថ្លែងបែបនេះ នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ ពេលបន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត មកពីរោងចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យកម្មករ កម្មការិនី ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវនេះ ចាប់ផ្តើមយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត។ សាកលរ៍មើល ច្បាប់បានកំណត់នៅក្នុងហ្នឹងជាប់គុកជាប់ច្រវ៉ាក់ ប្រាប់ឲ្យហើយ។ ផ្តាំទុកអ្នកនៅខាងក្នុងប្រទេស អាអ្នកខាងក្រៅកំពុងតែណែនាំ»។
ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងដោយអះអាងថា ក្រោយវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ច្បាប់នេះមានចែងពីទោសទណ្ឌចំពោះអ្នកគូសបំផ្លាញសន្លឹកឆ្នោត។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត បានបញ្ជូនទៅដល់សភាហើយ ហើយសម្តេចអះអាងថា បំណងធ្វើវិសោធនកម្មស្តីពីការបោះឆ្នោត គឺមិនចង់ឱ្យមានការរារាំង និងបំផ្លាញការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិត ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។
សម្តេចបានបន្ថែមថា ការធ្វើវិសោធនកម្មនេះ នឹងធ្វើឱ្យស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយគ្មានអ្វីដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះឡើយ។
សម្តេចបានបន្តថា ក៏អាចធ្វើដូចថៃពេលនេះ ប៉ុន្តែនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា បើពិនិត្យមើលស្ថានភាពនៅប្រទេសថៃ មានគណបក្សមួយចំនួន ត្រូវបាត់បងសមាជិកសភាមួយចំនួន ពីការជាប់ឆ្នោត ទៅជាបាត់បង់សិទ្ធិជាប់ឆ្នោតទៅវិញ ដោយសារពួកគេមិនបានបំពេញកាតព្វកិច្ច ក្នុងការទៅបោះឆ្នោតលើកទី១។ ដូច្នេះកម្ពុជា ក៏អាចធ្វើបែបនេះបាន។
សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានស្នើដល់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួយដល់រាជរដ្ឋាភិបាល ក្នុងការស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតទាំងការបោះឆ្នោតសកល និងអសកល៕