(ឆ្លូង-ក្រចេះ)៖ បន្ទាប់ពីបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោកស្រី ប្រាក់ ចន្ថា អតីតអគ្គលេខាធិការងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតសមាជិកអចិន្រ្តៃយ៍គណបក្សខ្មែររួបរួមជាតិ ដែលបច្ចុប្បន្នលោកស្រីក្លាយទៅជារដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយក្រុមការងារចុះមូលដ្ឋានជួយខេត្តក្រចេះ បានចុះជួបសំណេះ សំណាលជាមួយពលរដ្ឋម្ចាស់ឆ្នោតនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។
ដំណើរចុះជួបសំណេះសំណាលនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នាបរិវេណវត្តប្រម៉ា ដែលស្ថិតក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលមានមន្រ្តីក្រុមការងារនិងមន្រ្តីមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋចូលរួមប្រមាណ៥០០នាក់។
លោកស្រី ប្រាក់ ចន្ថា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានថ្លែងក្នុងពិធីសំណេះ សំណាលនោះដោយបានសម្តែងអំណរគុណដ៏ជ្រាលជ្រៅថ្លៃថ្លាសារជាថ្មីម្តងទៀតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱកាស ដ៏មានតម្លៃដល់លោកស្រីបានចូលរួមបម្រើការងាររដ្ឋ ដោយប្រកៀកស្មាជាមួយក្រុមការងារខេត្តក្រចេះ ចុះជាប់ភូមិ ឃុំ ផ្សាភ្ជាប់ និងបម្រើប្រជាពលរដ្ឋមូលដ្ឋាន ដោយសកម្មភាពជាក់ស្តែង។
ចុងក្រោយលោកស្រី បានអំពាវនាវដ៏ទទូចសុំឲ្យពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ ចូលរួមកុំបីអាក់ខានក្នុងព្រឹតិ្តការណ៍បោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះនិងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីបន្តដឹកនាំធានាសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពបរិបូរណ៍សម្រាប់ប្រជាជន និងមាតុភូមិកម្ពុជាយូរអង្វែងតរៀងទៅ។
សូមបញ្ជាក់ថា លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ក៏មានវត្តមានក្នុងពិធីសំណេះសំណាលនេះផងដែរ៕