(ភ្នំពេញ)៖ ក្រុមការងារស្ម័គ្រចិត្ត របស់ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីមូលនិធិចក្ខុខ្មែរ មូលនិធិរក្សាកុមារ និងអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា ប្រជាជនមានបញ្ហាជំងឺភ្នែក និងត្រចៀក ក្នុងស្រុកស្ទោង ខេត្តកំពង់ធំជាង៣ពាន់នាក់ ទទួលបានការពិនិត្យនិងព្យាបាលភ្នែក ត្រចៀកឥតគិតថ្លៃរយ:ពេល២ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៣។
សកម្មភាពមនុស្សធម៍នេះ រៀបចំធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យរស្មីសោភ័ណ ក្នុងស្រុកស្ទោងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួម និងដឹកនាំដោយផ្ទាល់ពីសំណាក់លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោក យឹម លាភ តំណាងរាស្ត្រខេត្តកំពង់ធំ ។
លោកស្រី ជា សិរី បានបញ្ជាក់ថា ប្រទេសជាតិក្រោមស្នាដៃ នៃការដឹកនាំដ៏ឈ្លាសវៃ និងមោះមុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីនៃកម្ពុជា ប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យហើយក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសពិសេសសម្តេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់នោះបច្ចុប្បន្ននេះ វិស័យសុខាភិបាលមានការរីកចម្រើនជាលំដាប់ ហើយសុខភាព និងអាយុកាលនៃការរស់នៅ ជាមធ្យមរបស់បងប្អូនប្រជាពលរដ្ឋ គឺកាន់តែមានភាពល្អប្រសើរឡើងជាងមុនដែរ។
លោកស្រីបញ្ជាក់ថា រាល់ការអភិវឌ្ឍន៍ រីកចម្រើនលើកគ្រប់វិស័យ ទាំងអស់នេះអស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ អាចឲ្យបងប្អូនអាចចេញប្រកបរបររកស៊ីចិញ្ចឹមជីវិតបានដោយសេរី ធ្វើឱ្យសេដ្ឋកិច្ចសង្គម ក៏ដូចជាសេដ្ឋកិច្ចគ្រួសារមានកំណើនជាបន្តបន្ទាប់ ហើយក៏អាចធ្វើ ដំណើរកំសាន្តបានគ្រប់ទីកន្លែងដោយរីករាយថែមទៀត។
លោកស្រី ជា សិរី បានសម្ដែងនូវក្ដីសង្ឃឹមថាតាមរយ:នៃកម្មវិធីចុះជួយពិនិត្យ និងព្យាបាលភ្នែក និងត្រចៀកមិនគិតថ្លៃរយ:ពេល២ថ្ងៃពីក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រៅពីជួយឲ្យប្រជាជនបានជាសះស្បោយពីជំងឺភ្នែកនិងត្រចៀកនោះនូវបានជួយកាត់បន្ថយការចំណាយក្នុងគ្រួសារបានមួយផ្នែកថែមទៀតផង។
លោកស្រីបានឲ្យដឹងដែរថា កម្មវិធីពិនិត្យនិងព្យាបាលជំងឺភ្នែក និងត្រចៀកនេះគឺទទួលបានការការណែនាំ និងឧបត្ថម្ភថវិកា ទាំងស្រុងពីលោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណាដែលជានិច្ចជាកាលលោកបណ្ឌិត និងលោកស្រី តែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋមិនថា តែនៅក្នុងស្រុកស្ទោងទេ
គឺទូទាំងខេត្តកំពង់ធំ។
សូមបញ្ជាក់ជូនថា ការពិនិត្យ និងព្យាបាលភ្នែក ត្រចៀកដោយឥតគិតថ្លៃរយ:ពេក២ថ្ងៃនេះបើលោកតា-លោកយាយ ពូ-មីង បងប្អូនប្រជាពលរដ្ឋក្រោយពិនិត្យហើយឃើញថា
ត្រូវបញ្ជួនទៅវះកាត់នៅភ្នំពេញរាល់ការចំណាយទាំងអស់ ជាការទទួលខុសត្រូវពីក្រុមការងារដែលឧបត្ថម្ភថវិកា ទាំងស្រុងរបស់លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ៕