(ភ្នំពេញ)៖ លោក ពិត ចំណាន អនុប្រធានកិត្តិយស ក្រុមសកម្មជនយុវជន ក.៧៧ និងលោក មាន ចាន់យ៉ាដា ប្រធានក្រុមសកម្មជនយុវជន ក.៧៧ រួមទាំងក្រុមការងារមួយចំនួនទៀត នារសៀលថ្ងៃទី១៦ ខែមិថុនា ២០២៣ បានអញ្ជើញជួប សំណេះសំណាល សួរសុខ និងផ្តល់អំណោយមនុស្សធម៌ ជូនសមាជិក សមាជិកា ក្រុមសកម្មជនយុវជន ក.៧៧ នៅតាមគ្រឹះស្ថានសិក្សា ក្នុងរាជធានីភ្នំពេញ ចំនួន២៣០នាក់ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

ខណៈជួបសំណេះសំណាល នាឱកាសនោះដែរ លោក ពិត ចំណាន បានឱ្យដឹងថា អស់រយៈពេល៣ឆ្នាំចុងក្រោយនេះ ក្នុងនាមគណៈកិត្តិយសនៃក្រុមសកម្មជនយុវជន ក.៧៧ សូមអបអរ និងមោទកភាពចំពោះ ជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងបេសកកម្មប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈយុទ្ធសាស្ត្រជាក់លាក់ការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់វ៉ាក់សាំង បានគ្រប់គ្រាន់ និងជួយសម្រួលសេដ្ឋកិច្ចគ្រួសារ សង្គម តាមរយៈឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋ ដែលរងផលប៉ះពាល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

លើសពីនេះទៅទៀត ភាពជោគជ័យរបស់រាជរដ្ឋាភិបាលក៏មានច្រើនទៀតដូចជា ការធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនេះជាសមិទ្ធផលមួយដ៏ធំធេង ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងមូល។

ដោយឡែកក្នុងឱកាសនេះ លោកក៏បានកោតសរសើរចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ នៃគ្រឹះស្ថានឧត្តម សិក្សាសាធារណៈទាំង១២ ក្នុងរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ចំពោះជីវភាព និងការសិក្សារបស់និស្សិត និងសមាជិកគណបក្សប្រជាជនកម្ពុជា ប្រកបដោយឆន្ទៈ និងស្មារតីចែករំលែកក្តីស្រឡាញ់ ក្នុងការជួយនិស្សិត សាស្ត្រាចារ្យ យុវជន និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងការរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរ លោកបានស្នើឱ្យគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ នៃគ្រឹះស្ថានឧត្តមសិក្សាបន្តពង្រឹងកិច្ចសហការ សាមគ្គីភាពបន្តទៀត លើការយកចិត្តទុកដាក់ផ្នែកជីវភាពរបស់ បុគ្គលិក សាស្ត្រាចារ្យ និស្សិត និងយុវជន នៅក្នុងគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន។

លើសពីនោះបន្តសកម្មភាពមិត្តជួយមិត្ត មិត្តអប់រំមិត្ត ជាពិសេសធ្វើជានិស្សិត យុវជន ចិត្តធម៌បន្តទៀត ដើម្បីជួយជំរុញសកម្មភាពមនុស្សធម៌ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត បន្តថែរក្សា អនាម័យ បរិស្ថាន ក្នុងន័យលើកកម្ពស់សុខុមាលភាពក្នុងគ្រួសារ និងសង្គមជាតិ ជាពិសេសត្រូវខិតខំប្រឹងប្រៀនរៀនសូត្រ ដើម្បីរួមចំណែកកសាងធនធានមនុស្ស ឱ្យមានសក្ដានុពល លើជំនាញដែលពាក់ព័ន្ធ នឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន។

ជាងនេះទៅទៀត សូមបន្តថែរក្សាសន្តិភាព អរគុណសន្តិភាព និងរួមកម្លាំងគ្នា ដើម្បីអភិវឌ្ឍជាតិមាតុភូមិកម្ពុជា បន្តគាំទ្រគណបក្ស គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល បោះឆ្នោតជូន គណបក្ស គាំទ្របេក្ខជនសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្របេក្ខភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត។ ដូច្នេះដើម្បីរក្សាបាននូវ សន្តិសុខមួយនេះ សូមក្មួយៗទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី១៨ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ។

បញ្ជាក់ថា សមាជិក សមាជិកា ក្រុមសកម្មជនយុវជន ក.៧៧ មកពីគ្រឹះស្ថានសិក្សាទាំង១២ ក្នុងរាជធានីភ្នំពេញចំនួន ២៥០នាក់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល។ ដោយឡែកនិស្សិតដែលមានជីវភាពខ្លះខាត ចំនួន៣៥នាក់ ទទួលបានកង់ម្នាក់មួយបន្ថែមទៀតផងដែរ៕