Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករ និយោជិត និងថៅកែរោងចក្រ រួមគ្នាកសាងសហគមន៍សុខសាន្ត នៅតាមរោងចក្រ (Video inside)

17-06-2023 10:15

(កំពង់ស្ពឺ)៖ ថ្លែងចេញពីខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅតែបន្ដអំពាវនាវដល់កម្មករនិយោជិត និងថៅកែរោងចក្រ រួមគ្នាកសាងសហគមន៍សុខសាន្ត នៅតាមរោងចក្រ និងត្រូវរកដំណោះស្រាយភ្លាមៗ ក្នុងករណីរោងចក្រមានជម្លោះ។

ការបន្ដអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុក​គងពិសី ខេត្តកំពង់​ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ពូ មានសំណូមពរធំ នៅក្នុងជំនួបនេះ ត្រង់ថា ពូចង់ឲ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្ដមួយ វាមិនលំបាកធ្វើទេ ហើយក៏វាជាផល ប្រយោជន៍របស់កម្មករ កុំឲ្យរោងចក្រយើង ក្លាយជាតំបន់ប្រើប្រាស់គ្រឿងញៀន ឬចែកចាយគ្រឿងញៀន, កុំឲ្យរោងចក្រយើង មានបងតូចបងធំ, កុំឲ្យរោងចក្រយើងជម្លោះ»។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងករណីរោងចក្រមានជម្លោះ ត្រូវរកវិធីដោះស្រាយភ្លាម កុំទុកចិញ្ចឹមទំនាស់ឲ្យធំ ហើយជាមួយនឹងការទទួលខុសត្រូវ ថៅកែរោងចក្រ ត្រូវគិតពីកម្មករ-កម្មការិនី ដែលធ្វើការឲ្យខ្លួន ឯកម្មករ-កម្មការិនី ក៏ត្រូវចាត់ទុកថា រោងចក្រគឺជាឆ្នាំងបាយរបស់យើង។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានលើកឡើងថា បើសិនជាមានការបិទរោងចក្រ ថៅកែគាត់ខាតបង់ហើយ គាត់នៅមានទ្រព្យសម្បត្ដិសម្រាប់ចិញ្ចឹម ប៉ុន្ដែសម្រាប់កម្មករ-កម្មការិនី បន្ទាប់ពីរោងចក្រត្រូវបិទ ត្រូវបាត់បង់ការងារធ្វើ ប្រាក់ចំណូលដែលបានទាបបំផុតមួយខែ ចំនួន​២០០ដុល្លារ នឹងត្រូវបាត់ ហើយក្មួយៗ នឹងត្រូវវិញត្រឡប់នៅជាកសិករវិញ ឬក៏ទៅរកការងារនៅកន្លែងផ្សេង។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ចូលរួមដោះស្រាយ និងទទួលខុសត្រូវដោះស្រាយ កុំរកចាំតែសហជីព កុំរកចាំតែមន្ទីរការងារ ឬក៏ក្រសួងការងារ ដោយរោងចក្រស្ថិតនៅទីកន្លែងណា គឺមានអាជ្ញាធរ នៅកន្លែងនោះ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កន្លងទៅរាជរដ្ឋាភិបាល បានផ្ទេរមុខងារ និងភារកិច្ចពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ដោយយល់ថា កិច្ចការនៅថ្នាក់ជាតិកាន់តែច្រើន គណៈរដ្ឋមន្ដ្រី ក៏ធ្វើការកែច្បាប់ ដើម្បីបង្កើនអាសនៈសម្រាប់រាជធានី-ខេត្ត ស្រុក-ខណ្ឌ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា អភិបាលរងខេត្ត, អភិបាលរងស្រុក គឺមានចំនួនច្រើន ត្រូវចាត់ចែងប្រគល់ការងារ នាំគ្នាធ្វើ ហើយដំបូងបំផុត ត្រូវក្ដាប់ឲ្យជាប់ ហើយបើសិនជាក្ដាប់មិនជាប់ គឺអភិបាលខេត្ដនោះ មិនគ្រប់គ្រាន់ ក្នុងការធ្វើអភិបាលខេត្ដនោះទេ៕