(ស្ទឹងត្រែង)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីន បានថ្លែងថា វិបត្តិសង្រ្គាមនៅកម្ពុជាកាលពីអតីតកាល កើតចេញពីការធ្វើនយោបាយខុស ដែលអ្នកនយោបាយប្រឆាំងត្រូវចងចាំ និងចៀសវាងឲ្យខានតែបាន។ លោកទេសរដ្ឋមន្រ្តីថា ព្រោះតែ សង្រ្គាមនេះ ធ្វើឲ្យគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើន បានបន្សល់ក្នុងដីកម្ពុជា និងបង្កគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋខ្មែររហូតដល់ បច្ចុប្បន្ន។
ការថ្លែងរបស់លោក សេរី កុសល បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញបិទកិច្ចប្រជុំក្រុមការងារបច្ចេកទេសបោសសម្អាតមីន និងគ្រាប់ មិនទាន់ផ្ទុះនៅក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ។
លោកទេសរដ្ឋមន្រ្តី សេរី កុសល ត្រូវបានគេដឹងថា ជាមេទ័ព និងជាអ្នកនយោបាយជើងចាស់មួយរូបមកពីគណបក្សហ៊្វុនស៊ិនប៉ិច លោក បានដឹងយ៉ាងច្រើនពាក់ព័ន្ធបញ្ហាវិបត្តិនយោបាយនៅកម្ពុជាពីអតីតកាល ហើយក៏បានចូលរួមវិភាគទានបញ្ចប់នូវវិបត្តិនោះផងដែរ។ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «បញ្ហាមីន និងគ្រាប់ដែលជាវិបត្តិយូរអង្វែងនេះ គឺបណ្តាលមកពីសង្គ្រាម ហើយសង្គ្រាមនេះគឺ កើតពីការដើរនយោបាយខុស ដែលអ្នកនយោបាយមួយចំនួនត្រូវចងចាំ និងចៀសវាង។ រីឯប្រទេសមួយមានការអភិវឌ្ឍទាល់តែមាន សន្តិភាព ហើយការអភិវឌ្ឍន៍លឿន ឬយឺត គឺអាស្រ័យលើការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនេះ»។
លោក សេរី កុសល បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ខុប្បន្ន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននឹងកំពុង បន្តជ្រោងទង់សន្តិភាពនេះ ទោះក្នុងតម្លៃណាក៏ដោយ ហើយនឹងបន្តគាំទ្រផ្តល់អាទិភាពខ្ពស់លើការបោសសម្អាតមីន និងគ្រាប់លើផ្ទៃ ដីសរុបប្រមាណជា ១,៦៤០គីឡូម៉ែត្រការ៉េ រហូតឲ្យអស់នៅឆ្នាំ២០២៥តាមផែនការ។
លោកបានបន្ថែមទៀតថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងតាមគ្រប់លទ្ធភាព កៀងគរជំនួយ រួមទាំងថវិកាជាតិ ដែលមាន ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់គ្រប់ប្រភេទ បន្សល់ពីសម័យសង្រ្គាម ដើម្បីអភិវឌ្ឍន៍ជាតិ និងរំដោះគ្រោះថ្នាក់របស់ប្រជា ពលរដ្ឋខ្មែរ ដែលបានទទួលរងនូវផលវិបាកពីសង្គ្រាម៕