(កំពង់ស្ពឺ)៖ ក្រុមយុវជនធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងយុវជនធ្វើការផ្នែកស្រាវជ្រាវបរិស្ថាន បានបង្ហាញពីការខិតខំអភិវឌ្ឍកែច្នៃតំបន់ការពារធនធានធម្មជាតិទៅតំបន់អេកូទេសចរណ៍ធម្មជាតិ ដើម្បីទាញចំណូលពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន បង្កើតឱកាសងារនឹងកន្លែងជូនប្រជាពលរដ្ឋ ប្រសិនគ្មានការអភិវឌ្ឍទេតំបន់ទាំងនេះនឹងកប់បាត់ក្នុងធម្មជាតិ។

លោក វ៉ែន រស្មី ប្រធានយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានថ្លែងថា ការរៀបចំជាតំបន់អេកូទេសចរណ៍ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ទាំងនេះមានការធ្វើក្នុងមូលដ្ឋាន កាត់បន្ថយការធ្វើចំណាកស្រុក។ តាមរយៈគោលការណ៍របស់ក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិ ធ្វើឱ្យប្រជាពលរដ្ឋអាចយកផលិតផលរបស់ខ្លួនទៅលក់ជូនភ្ញៀវទេចរដែលមកលេងកម្សាន្តនៅតំបន់របស់ខ្លួន។

តាមលោក វ៉ែន រស្មី បានបន្តថា តាមរយៈផែនការអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ធម្មជាតិ បានធ្វើប្រជាពលរដ្ឋរស់
នៅតំបន់ការពារធនធានធម្មជាតិលះបង់នូវ​មុខរបរចាស់ គឺការចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃ ដោយងាកមកម្រើការផ្នែកសេវាកកម្មទេសចរណ៍ជំនួសវិញ។

ប្រធានយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «មានភ្ញៀវទេសចរមកលេងកម្សាន្តកន្លែងគាត់ គឺធ្វើឱ្យពួកគាត់មានការងារធ្វើ ដែលឱ្យជីវភាពគាត់ល្អប្រសើរជាងមុនលែងធ្វើចំណាកស្រុកទោធ្វើការនៅក្រៅប្រទេស វិស័យទេសចរណ៍វាជួយយ៉ាងសំខាន់ទៅដល់ជីវភាពប្រជាជនតាមរយៈសេដ្ឋកិច្ចក្រៅប្រព័ន្ធ […] សម្រាប់ការអភិវឌ្ឍតែងតែប៉ះពាល់ ប៉ុន្តែ យើងគួរតែឱ្យពីគុណប្រយោជន៍ ជាងគុណវិបត្តិ ធម្មតាប្រទេសជាតិកំពុងវិវត្តន៍ជាវិជ្ជមាន ប្រសិនបើយើងស្តាប់តាមមតិរិះគន់ គឺប្រទេសយើងអត់មានការអភិវឌ្ឍដូចសព្វថ្ងៃ»។

លោក ម៉ៅ ច័ន្ទសុវណ្ណី អនុប្រធានក្រុមការងារ១០០រាត្រី បានថ្លែងថា សម្រាប់ការអភិវឌ្ឍតំបន់អេកូទេសចរណ៍ធម្មជាតិ គឺមានការរៀបចំបានយ៉ាងល្អ ដោយមិនបានការកាប់បំផ្លាញព្រៃឈើនោះទេ បន្ថែមពីនេះការអភិវឌ្ឍបានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់ភាពងាយស្រួលឱ្យភ្ញៀវទេសចរធ្វើដំណើរមកកម្សាន្ត។ ដោយឡែកតំបន់ទេសចរណ៍ធម្មជាតិមួយចំនួនក្នុងឧទ្យានជាតិគិរីរម្យខ្លះ គឺប៉ុន្មានឆ្នាំមុនមានភាពស្ងាត់ជ្រងំ ប៉ុន្តែ បន្ទាប់ទទួលបានចូលមករៀបចំឱ្យជាតំបន់អេកូទេសចរណ៍ធម្មជាតិមានផ្លូវធ្វើដំណើរ បានកែប្រែតំបន់ទាំងនេះឱ្យកាន់តែមានបប្រយោជន៍មិនកាត់ថ្លៃបាន។

លោកបានបន្តថា ការមកបណ្តាក់ទុនលើវិស័យទេសចរណ៍ធម្មជាតិនេះតំបន់ឧទ្យានជាតិគិរីរម្យ បានផ្តល់ផលប្រយោជម៍ជាច្រើនដល់ប្រជាពលរដ្ឋនៅតំបន់នេះ។ តាមរយៈភាពវិជ្ជមាននេះ គឺខុសពីការបំភាន់ព័ត៌មានរបស់ក្រុមជនបរទេសនៅក្រៅស្រុក ក៏ដូចជាយុវជនមួយចំនួនតូចដែលកំពុងធ្វើសភាពលើវិស័យបរិស្ថាននៅកម្ពុជា ដែលបានបង្ខូចឈ្មោះរាជរដ្ឋាភិបាលថាបានកាត់ដីព្រៃឱ្យក្រុមហ៊ុនឯកជន កាប់ព្រៃឈើជាដើម។ ប៉ុន្តែ ស្ថានភាពពិតបានផ្តល់ផលប្រយោជន៍ជាច្រើនទៅប្រជាជនមូលដ្ឋាន។

លោក មួង សុភក្ត្រ ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង បានលើកឡើងថា ការផ្តល់ដីសម្បទានដល់ក្រុមហ៊ុនវ័នម៉ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមច្បាប់ទាំងអស់ ហើយសម្រាប់ការផ្តល់ដីនេះសម្រាប់វិនិយោគលើវិស័ងអេកូទេសចរណ៍ធម្មជាតិ មិនមែនផ្តល់ដីសម្បទាននេះឱ្យក្រុមហ៊ុនកាប់បំផ្លិចបំផ្លាញព្រៃឈើនោះទេ។

លោក មួង សុភក្ត្រ បានបន្តថា សម្រាប់ទីតាំងផ្តល់ដីសម្បទាននេះគឺជាតំបន់ដើមស្រល់ ដូច្នេះ ប្រភេទដើមទាំងនេះមានតម្លៃណាមួយដែលអាចលក់ចេញបាននោះដែរ។ ដោយឡែកមុននឹងការផ្តល់ដីសម្បទានដើម្បីអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់អេកូទេចរណ៍ធម្មជាតិ គឺក្រសួងបរិស្ថាន បានចុះវាយតម្លៃ និងធ្វើកិច្ចសន្យាយ៉ាងត្រូវជាមួយក្រុមហ៊ុនដោយមិនឱ្យកាប់បំផ្លាញព្រៃជាដាច់ខាត៕