Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យកម្មករ កម្មការិនី អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឱ្យបានគ្រប់ៗគ្នាៗ (Video inside)

17-06-2023 10:09

(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបន្តអំពាវនាវឱ្យកម្មករ កម្មការិនី អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

ការបន្តអំពាវនារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹក​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តបានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុក​គងពិសី ខេត្តកំពង់​ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវយ៉ាងដូច្នេះថា៖ «ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានការបោះឆ្នោត អ៊ឹចឹងសូមអំពាវនាវក្មួយៗទៅចូលរួមបោះឆ្នោតដើម្បីបញ្ចេញនូវសិទ្ធិរបស់ខ្លួន ក្មួយៗនឹងបានឈប់សម្រាកថ្ងៃទី២២, ២៣ និង២៤ ដោយមានប្រាក់បៀវត្សរ៍...!»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ក្មួយៗជាកម្មករ កម្មការិនី ត្រូវអនុញ្ញាតឱ្យឈប់សម្រាកចំនួន ៣ថ្ងៃ ដើម្បីមកចូលរួមបោះឆ្នោត បំពេញសិទ្ធិជាប្រជាពលរដ្ឋស្របច្បាប់។ ខណៈដែលរជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករ កម្មការិនី បានឈប់សម្រាកចំនួន៣ថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប៉ុន្តែមានកម្មករ កម្មការិនី ដែលមិនបានចុះឈ្មោះបោះឆ្នោតជិតទីតាំងការងាររបស់ខ្លួន នឹងតម្រូវឱ្យធ្វើដំណើរទៅស្រុកកំណើត ឬទីតាំងដែលខ្លួនបានចុះឈ្មោះបោះឆ្នោត។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រយៈពេល៥ឆ្នាំ មានការៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រម្តង ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទៅបោះឆ្នោត ដើម្បីជ្រើសរើសគណបក្សនយោបាយណាដែលខ្លួនពេញចិត្ត។

សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានកំណត់រៀបចំឡើងនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ ក្នុងនោះដែរ គណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងទី១៨៕