(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងសង្គមកិច្ចឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសម្រាប់ស្ត្រី​មានផ្ទៃពោះ ត្រូវគិតទៅតាមចំនួនកូន បានន័យថា ចាប់ពីមានផ្ទៃពោះរហូតដល់ពេលសម្រាលកូន គឺត្រូវផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ដូចៗគ្នា ប៉ុន្តែចាប់ពីពេលសម្រាលកូនរហូតដល់ពេលកូនមានអាយុ២ឆ្នាំ គឺត្រូវផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ដោយគិតទៅតាមចំនួនកូនជាក់ស្ដែង។

ការណែនាំជាថ្មីរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ/កម្មការិនីប្រមាណ១ម៉ឺន៨ពាន់នាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចតេជោទើបតែដឹងនៅម្សិលមិញថា ការឧបត្ថម្ភជំនួយថវិកាសម្រាប់អ្នកមានកូនភ្លោះ បែរជាទទួលបានដូចអ្នកមានកូនម្នាក់ដែរ ដូច្នេះសម្ដេចក៏បានណែនាំជាថ្មីទៅកាន់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យកែប្រែការអនុវត្តកិច្ចការនេះឡើងវិញ ដោយពីពេលមានផ្ទៃពោះរហូតដល់ឆ្លងទន្លេ/សម្រាលកូន គឺត្រូវផ្ដល់ការឧបត្ថម្ភដូចៗគ្នា ដោយមិនគិតថាកូនមួយ ឬកូនភ្លោះនោះទេ ប៉ុន្តែដល់ពេលសម្រាលកូនរហូតដល់កូនមានអាយុ២ឆ្នាំ គឺត្រូវផ្ដល់ការឧបត្ថម្ភទៅតាមចំនួនកូន ពោលគឺមិនអាចផ្ដល់ឱ្យដូចអ្នកកូនម្នាក់នោះឡើយ។

តាមការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី «ត្រូវកត់ត្រាថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីសម្រេចឱ្យអនុវត្តនូវការឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ សម្រាប់អ្នកកូនភ្លោះទទួលបានរបបគិតតាមចំនួនកូន»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ចាប់ពីខែសីហា ឆ្នាំ២០២៣ ខាងមុខតទៅ កម្មការិនីមានផ្ទៃពោះនឹងទទួលបានអត្ថប្រយោជន៍បន្ថែម ដោយចាប់ពីពេលមានផ្ទៃពោះរហូតដល់ពេលឆ្លងទន្លេ ទទួលបានការឧបត្ថម្ភ៤លើក ក្នុង១លើកៗចំនួន៨ម៉ឺនរៀល ឬ២០ដុល្លារ។ ដល់ថ្ងៃឆ្លងទន្លេ ក្នុងករណីកូនម្នាក់ កម្មការិនីនឹងទទួលបានថវិកាឧបត្ថម្ភចំនួន៨០ម៉ឺនរៀល ឬ២០០ដុល្លារ តែប្រសិនបើបានកូន២នាក់ ឬ៣នាក់ គឺគុណទៅតាមចំនួនជាក់ស្ដែង។ នៅពេលឆ្លងទន្លេរួចហើយ កម្មការិនីនិងកូនៗនឹងទទួលបានការឧបត្ថម្ភ១០ដងទៀត រហូតដល់កូនៗមានអាយុ២ឆ្នាំ ក្នុង១ដងៗទទួលបានថវិកាឧបត្ថម្ភ៨ម៉ឺនរៀល ឬ២០ដុល្លារ។ ការឧបត្ថម្ភទាំងអស់គឺមានចំនួន១៥ដង ដែលសរុបជាទឹកប្រាក់ជិត២លានរៀល ឬជិត៥០០ដុល្លារ។

សម្ដេចតេជោក៏បានរំឭកដល់ម្ចាស់រោងចក្រសូមអនុញ្ញាតឱ្យកម្មការិនីមានផ្ទៃពោះ និងកម្មករ/កម្មការិនីពិការមានសិទ្ធិចេញពីធ្វើការមុនម៉ោងយ៉ាងតិច១៥នាទី ខណៈរោងចក្រខ្លះក៏បានអនុញ្ញាតឱ្យកម្មការិនីមានផ្ទៃពោះចេញមុនរហូតដល់១ម៉ោងឯណោះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា ការដាក់ចេញគោលការណ៍ទាំងនេះ គឺជាការឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយអត្រាមរណៈរបស់មាតា និងទារក ម្យ៉ាងទៀតក៏ដើម្បីបង្កើននូវអាហារូបត្ថម្ភសម្រាប់កុមារ និងសម្រាប់សុខភាពមាតាផងដែរ៕