(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា។

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសថៃ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញ Fresh News ទទួលបាន។

ជំនួបផ្លាស់ប្តូរយោបល់ដោយផ្ទាល់ខាងលើ នឹងរួមចំណែកដល់ការរិះរកមធ្យោបាយនានាដើម្បីតាមដាននូវអនុសាសន៍ដែលបានលើកឡើងដោយថ្នាក់ដឹកនាំមួយចំនួន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ កាលពីខែឧសភា ឆ្នាំ២០២៣ និងជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច (5PC) ព្រមទាំងការវាយតម្លៃ និងសេចក្តីសម្រេចចិត្ត ១៥ ចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច៕