(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជាសរុបចំនួន៩៨៦នាក់ មកពីស្រុកចំនួន៣នៃខេត្តព្រះវិហារ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល តែងគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ជាពិសេសចំពោះអតីតយុទ្ធជនដែលមានជីវភាពលំបាក។ ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតសមាគមអតីតយុទ្ធជនកម្ពុជានៅក្នុងឆ្នាំ២០០៧ ដែលមានសម្តេចផ្ទាល់ជាប្រធានសមាគម ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងលើកកម្ពស់កិត្តិយស, និងគុណបំណាច់ដ៏ធំធេងមិនអាច់កាត់ថ្លៃបានរបស់អតីតយុទ្ធជនទាំងអស់ ដែលបានធ្វើពលិកម្មលះបង់សាច់ស្រស់ឈាមស្រស់តស៊ូយ៉ាងប្តូរផ្តាច់ និងស្មោះស្ម័គ្រជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកសុខសន្តិភាពជូនប្រទេសជាតិចាប់តាំងពីដំណាក់កាលវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ និងទទួលបានជ័យជំនះនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់ការដំណាក់កាលបញ្ចប់សង្គ្រាមរុំារ៉ៃ ឈានដល់ការបង្រួបបង្រួមជាតិ មានសុខសន្តិភាពពេញលេញចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ពិធីបំពាក់មេដាយការពារជាតិនាពេលនេះ គឺជាការរំលឹកឡើងវិញនូវការដឹងគុណ និងការទទួលស្គាល់នូវគុណបំណាច់ចំពោះអតីតយុទ្ធជនទាំងអស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី ការកសាងសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រទេសជាតិ ផ្តើមចេញពីចំណុចសូន្យពីបាតដៃទទេរហូតទទួលបាននូវវឌ្ឍនភាព និងការរីកចម្រើនលូតលាស់លើគ្រប់វិស័យដូចសព្វថ្ងៃ។
នាយឧត្តមសេនីយ៍ មាស សុភា បានអំពាវនាវដល់អតីតយុទ្ធជនបន្តចូលរួមថែរក្សាការពារសុខសន្តិភាពឱ្យបានគង់វង្ស មិនត្រូវឱ្យបុគ្គលណា ឬបរទេសណាមកបំផ្លាញសន្តិភាពដែលរកបានដោយកម្រឱ្យបាត់បង់ទៅវិញជាដាច់ខាត ពិសេសបន្ដជឿជាក់ ស្មោះស្ម័គ្រ និងគាំទ្រដល់ការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហាររូបនេះ ក៏បានស្នើសូមថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ចុះជួបសួរសុខទុក្ខ និងស្វែងយល់ពីសុខភាព ជីវភាពរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនឱ្យបានជាប្រចាំ ពិសេសជួយសម្រួលដោះស្រាយបញ្ហា និងផ្តល់សេវាសាធារណៈជូនអតីតយុទ្ធជន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
គួរជម្រាបថា ក្នុងចំណោមសមាជិកអតីតយុទ្ធជនទាំង៩៨៦នាក់នោះ មានមកពីស្រុកគូលែនចំនួន២០៥នាក់ ស្រុកជាំក្សាន្ត៦៧២នាក់ និងស្រុកសង្គមថ្មីចំនួន១០៩នាក់ ដោយការបំពាក់មេដាយមានដូចជា៖ មេដាយមាស មេដាយប្រាក់ និងគ្រឿងឥស្សរិយយសការពារជាតិ។ លោកនាយកឧត្តមសេនីយ៍ មាស សុភា ក៏បាននាំយកថវិកាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនសមាជិកអតីតយុទ្ធជនក្នុងម្នាក់ៗ៥០,០០០រៀលទៀតដែរ៕
http://image.freshnewsasia.com/2021/id-022/fn-2023-06-16-23-42-45-0.JPG http://image.freshnewsasia.com/2021/id-022/fn-2023-06-16-23-42-45-1.JPG http://image.freshnewsasia.com/2021/id-022/fn-2023-06-16-23-42-45-2.JPG http://image.freshnewsasia.com/2021/id-022/fn-2023-06-16-23-42-46-3.JPG http://image.freshnewsasia.com/2021/id-022/fn-2023-06-16-23-42-46-4.JPG http://image.freshnewsasia.com/2021/id-022/fn-2023-06-16-23-42-46-5.JPG