(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងក្រុមការងារ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៣ បាននាំគ្នាសហការ ជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងស្រុកភ្នំស្រុក រៀបចំចម្រើនព្រះជន្ម ព្រះអង្គគ្រូ ព្រះវឌ្ឍន មង្គល ញឹម ផុញ ព្រះអនុគណស្រុកភ្នំស្រុក និងជាព្រះគ្រូអធិការវត្ដត្រពាំងថ្ម និងជារាជាគណៈកិត្ដិយសសង្ឃ។
ក្នុងពិធីនេះ មានការនិមត្ដចូលរួម ពីព្រះមេគណខេត្ដបន្ទាយមានជ័យ, ព្រះគ្រូចៅអធិការ១៥វត្ដ នៅទូទាំងស្រុកភ្នំស្រុក រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយ ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ក្នុងនោះ ក៏មានពិធីរាបបាត្រ១៨៦សង្ឃ រួមទាំងអភិសេកព្រះពុទ្ធធំ ដែលមានរចនាបទវិសេសវិសាល ដែលមានតែមួយ នៅក្នុងប្រទេសកម្ពុជា។
វត្ដត្រពាំងថ្ម គឺជាវត្ដមួយដែលល្បីល្បាយ តាំងសម័យសង្គមរាស្ដ្រនិយម រហូតមកដល់ជំនាន់នេះ និងជាវត្ដមួយ ដែលមានគំនូរល្អដាច់គេ នៅក្នុងប្រទេសកម្ពុជា ដែលមានស្លោក «បើចង់មើលគំនូរល្អ ទៅវត្ដត្រពាំងថ្ម»។
ក្នុងឱកាសនោះ លោក សេរី កុសល ក៏បានលើកឡើងអំពីកត្ដាសុខសន្ដិភាព និងប្រាប់ឲ្យនាំគ្នា ចូលរួមថែរក្សាសុខសន្ដិភាព ជាមួយនឹងរាជរដ្ឋាភិបាល ព្រមទាំងប្រាប់ឲ្យនាំគ្នា អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងពិធី រៀបចំចម្រើនព្រះជន្ម ព្រះអង្គគ្រូ ព្រះវឌ្ឍន មង្គល ញឹម ផុញ ខាងលើនេះ លោក សេរី កុសល ចូលបច្ច័យជាថវិកាចំនួន១៦លានរៀល។
បន្ទប់ពីបានបញ្ចប់កម្មវិធីខាងលើ តំណាងរាស្ត្រ សេរី កុសល ក៏បានជួបជុំសំណះសំណាល ជាមួយនឹងសកម្មជន គ្រប់លំដាប់ថ្នាក់ និងយុវជន ប្រមាណ១២០នាក់។ ពិធីនេះ បានរៀបចំធ្វើឡើង នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្នុងកម្មវិធីនេះ តំណាងរាស្ត្រ សេរី កុសល ក៏បានពន្យល់អំពីឧបាយកល របស់គណបក្សប្រឆាំង ប្រាប់ដល់សកម្មជន ដែលគណបក្សប្រឆាំងមិនចូលរួម ក្នុងការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ផងដែរ៕