(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បើកកម្មពិធីអប់រំផ្សព្វផ្សាយណែនាំដល់ក្រុមក្មេងទំនើង និងបានហៅអាណាព្យាបាល មកចូលរួមដើម្បីស្តាប់ការណែនាំ សំដៅយ៉ាងណាឲ្យមានការចូលរួមអប់រំកូនចៅនៅក្នុងគ្រួសារនីមួយៗឲ្យបានល្អ ធ្វើជាយុវជនគំរូ ដើម្បីក្លាយទៅជាទំពាំងស្នងឬស្សីយ៉ាពិតប្រាកដក្នុងសង្គមជាតិមាតុភូមិ ព្រោះប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍន៍ មានសុខសន្តិភាព គឺត្រូវមានការចូលរួមចំណែកពលរដ្ឋគ្រប់រូប។

ក្នុងកម្មពិធីបើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពី លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត, លោកឧត្តមសេនីយទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត អភិបាលក្រុង មេឃុំ ចៅសង្កាត់ និងអាណាព្យាបាលជាច្រើនរូប។

លោក គួច ចំរើន បានលើកឡើងថា ក្នុងពេលវេលានេះ សូមឲ្យអាណាព្យាបាល ចាត់វិធានការ និងអប់រំដោយធ្វើការតាមដានរាល់សកម្មភាពរបស់កូន ជៀសវាងការដើរខុសគន្លង ទៅបង្កើតបក្សក្រុមបងធំ បងតូច វាយតប់គ្នាតាមទីសាធារណៈ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅថ្ងៃអនាគត ដូចនេះក្នុងនាមថ្នាក់ដឹកនាំ ជាឪពុក ម្តាយក្នុងខេត្តសូមស្នើយ៉ាងទទួច និងដាច់អហិង្កា ដោយតម្រូវឲ្យលោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងឪពុកម្តាយ និងសមត្ថកិច្ច ត្រូវសហការគ្នាដោយបង្កើតគ្រប់តេឡេក្រាម រួមគ្នាតាមដាន និងរាយការណ៍នូវរាល់សកម្មភាព របស់ក្រុមក្មេងទំនើង គ្រប់រូបភាព។

សូមរំលឹកថា នៅដើមសប្តាហ៍ទី២ នៃខែមិថុនានេះ នៅក្នុងក្រុងព្រះសីហនុ មានក្រុមក្មេងទំនើង២ ក្រុមបានធ្វើសកម្មភាពប្រមូលផ្តុំគ្នា ដេញវាយ កាប់ចាក់គ្នា ពពាក់ពពូន រហូតបណ្តាលឲ្យមានការរងរបួសទាំងសងខាង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅក្នុងមន្ទីរពេទ្យ ខណៈជនសង្ស័យបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ៕