(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) អញ្ជើញជួបសំណេះសំណាល ជាមួយគណៈកម្មាការប្រតិបត្តិរបស់សមាគម CMYA មកពីទូទាំងប្រទេស។

ជំនួបនេះធ្វើឡើងនៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) ដែលមានការចូលរួមពីសមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលជាប្រធាន អនុប្រធាន សមាជិក សមាជិកាថ្នាក់កណ្ដាល ព្រមទាំង ប្រធាន អនុប្រធាន នៃសមាគម CMYA រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រមាណ២០០នាក់។

គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចការផ្ទៃក្នុង លើកទិសដៅ ពិនិត្យរៀបចំរចនាសម្ព័ន្ធ និងពង្រឹងស្មារតី សមាជិក សមាជិកា នៃសមាគមគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនគុណភាពការងារ តាមរាជធានី ខេត្ត ក្នុងការបម្រើសហគមន៍។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានជំរុញលើកទុកចិត្តដល់អង្គពិធីទាំងអស់ថា ក្នុងនាមជាយុវជន CMYA យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាព លះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមការងារសង្គម ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ដោយស្គាល់ច្បាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងនាមជាសមាជិក សមាជិកា របស់សមាគម។

ជាមួយគ្នានោះ លោកបណ្ឌិត ក៏បានរំលឹកដល់អង្គពិធីទាំងអស់ ឲ្យពង្រឹងសមត្ថភាពឲ្យបានខ្ពស់ ក្នុងនាមយុវជន ដើម្បីឲ្យមានសមត្ដភាពគ្រប់គ្រាន់ ក្នុងការបំពេញការងារ និងចូលរួមអភិវឌ្ឈប្រទេសជាតិ។

សូមជម្រាបថា សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ហើយសមាគមនេះផងដែរ ក៏ជាសមាជិកស្ថិតនៅក្រោមឆ័ត្ររបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយមានគោលបំណងសំខាន់ គឺចូលរួមការងារសង្គម ការងារមនុស្សធម៌និងការងារផ្សេងៗទៀត ដើម្បីចូលរួមបម្រើប្រយោជន៍ដល់សង្គម និងប្រទេសជាតិ៕