(កំពង់ធំ)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំកិច្ចប្រជុំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សឃុំទាំង៣ឃុំ គឺឃុំព្រះដំរី ឃុំរុងរឿង និងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីប្រុងប្រៀបកិច្ចការងារសំខាន់ៗ មួយចំនួន បម្រើឲ្យការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងពិធីអបអរសាទរខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជន កម្ពុជា។
លោក សោម ស៊ុន បានបញ្ជាក់ថា ដោយបានការប្រគល់ភារកិច្ចពីថ្នាក់ដឹកនាំក្រុមការងាររបស់គណបក្សថ្នាក់កណ្ដាល ចុះមូលដ្ឋានខេត្តកំពង់ធំ និងការចាត់តាំងពីថ្នាក់ដឹកនាំ នៃគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងមានការសម្របសម្រួលពីប្រធានគណបក្សស្រុកស្ទោង បានប្រគល់ភារកិច្ចឲ្យលោក ដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំទាំង៣ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ដឹកនាំការរៀបចំពិធីអបអរសាទរខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។
បន្ទាប់មកអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងបានឯកភាពគ្នាប្រុងប្រៀបចំនួនសមាជិកបក្ស រួមជាមួយក្រុមការងារ ដែលត្រូវចូលរួមក្នុងការប្រារព្ធពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ទាំង៣ឃុំ មានចំនួន១,២០០នាក់ ព្រមទាំងគ្រោងទុកនូវផែនការ នៃកិច្ចការធានាផ្សេងៗ ដូចជាការរៀបចំឧបករណ៍បំពងសំឡេង និងរូបភាពក្នុងពេលផ្សាយផ្ទាល់បើកយុទ្ធនាការឃោសនាបោះឆ្នោតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ការប្រុងប្រៀបមធ្យោបាយដឹកជញ្ជូន អាហារបរិភោគ ឧបករណ៍បំពងសម្លេង ការតុបតែងលម្អ និងឃោសនិកក្នុងពេលដង្ហែក្បួនបើកយុទ្ឋនាការឃោសនាបោះ នៅពេលខាងមុខនេះឲ្យបានអធឹកអធមផងដែរ។
លោក សោម ស៊ុន និងក្រុមការងារចុះមូលដ្ឋានឃុំទាំង៣ បានប្រគល់ថវិកាមួយចំនួន ព្រមទាំងសម្ភារៈសម្រាប់តុបតែងលម្អសោភ័ណភាព ក្នុងពេលប្រារព្ធពិធីខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ជូនដល់គណបក្សឃុំទាំង៣ គឺឃុំបន្ទាយស្ទោង ឃុំព្រះដំរី និងឃុំរុងរឿង ដើម្បីប្រុងប្រៀបការរៀបចំពិធីបើកយុទ្ធនាការ និងការដង្ហែរក្បួនឃោសនាបោះឆ្នោត៕