(សាធារណរដ្ឋកូរ៉េ)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃទី២ នៃការអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋកូរ៉េ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Han Duck-soo នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ។
ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងការប្តេជ្ញាចិត្តរួមដើម្បីពង្រឹងភាពជាដៃគូដើម្បីប្រយោជន៍ទៅវិញទៅមក។ អគ្គលេខាធិការអាស៊ាន បានសម្ដែងនូវអំណរគុណចំពោះការគាំទ្ររបស់សាធារណរដ្ឋកូរ៉េ សម្រាប់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន មជ្ឈភាពអាស៊ាន ហើយរំពឹងថា សាធារណរដ្ឋកូរ៉េនឹងបន្តគាំទ្រចំពោះការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។
លោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញជួបសម្ដែងការគួរសមជាមួយ លោក Park Jin រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បន្ទាប់មកក៏បានពិសាបាយការងារថ្ងៃត្រង់រៀបចំដោយ លោករដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីសំណាក់គណៈកម្មាធិការអាស៊ាន ក្នុងទីក្រុងសេអ៊ូលផងដែរ។
អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងបញ្ហាតំបន់ផ្សេងៗ ហើយបានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធរួមគ្នាដើម្បីលើកកម្ពស់ភាពជាដៃគូ អាស៊ាន-សាធារណរដ្ឋកូរ៉េ ដូចដែលខួបអនុស្សាវរីយ៍ ៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា នឹងឈានមកដល់នៅឆ្នាំ២០២៤ខាងមុខ។ ភាគីទាំងពីរ ក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទាំងឡាយ ដែលនឹងចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១៦ ខែមិថុនានេះ មុននឹងបន្តដំណើរទៅទីក្រុងប៊ូសាន លោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន Korea Times និង Hankook-Ilbo ដោយបានចែករំលែកទស្សនៈរបស់គាត់លើកិច្ចការជាច្រើន ពាក់ព័ន្ធនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ជាពិសេសការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ប្រយោជន៍នៃប្រជាជនអាស៊ាន និងសាធារណរដ្ឋកូរ៉េ។
នៅល្ងាចនេះ នាទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្ត្រនយោបាយ ដែលផ្តល់ជូនដោយសាកលវិទ្យាល័យ Busan University of Foreign Studies។
នៅក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ លោកបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់ថា គាត់នឹងប្រើប្រាស់ពុទ្ធិ ជំនាញ និងបទពិសោធន៍ដើម្បីបង្កើនទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលជាមូលដ្ឋានសម្រាប់ទ្រទ្រង់ជំនឿទុកចិត្ត មិត្តភាព ការយោគយល់ និងភាពជាដៃគូរវាងប្រជាជនអាស៊ាន និងសាធារណរដ្ឋកូរ៉េ។
បន្ទាប់មក លោកអគ្គលេខាធិការអាស៊ាន ក៏បានជួបបាយការងារពេលល្ងាចជាមួយអ្នកសិក្សាកូរ៉េ ក្នុងទីក្រុងប៊ូសាន ដែលបានពិភាក្សាលើវិស័យនានា ដូចជា សិក្សាធិការ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្រាវជ្រាវ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាដើម៕