(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលអៀសសាន្ត និងសមិទ្ធផលនានា ស្ថិតក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ រួមមាន៖ វិហារម៉ាស្ជិទនូរុលអៀសសាន្ត, អគារសាលារៀន និងអន្តេវាសិកដ្ឋាន, អគារស្នាក់នៅសម្រាប់អ្នកដឹកនាំ និងអ្នកថែទាំវិហារ រួមទាំងសមិទ្ធផលជាច្រើនទៀត ព្រមជាមួយនឹងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខ្មែរឥស្លាមគ្រប់លំដាប់ថ្នាក់ រួមទាំងចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគថវិកាចូលរួមកសាងសមិទ្ធផលទាំងនេះ រហូតសម្រេចជាស្ថាពរ។
បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ទាំងនេះ គឺជាតឹកតាងនៃស្មារតីរួបរួមគ្នារបស់បងប្អូនសាសនិកឥស្លាមទាំងក្នុង និងក្រៅប្រទេស នៅក្នុងបុព្វហេតុនៃការគោរពបដិបត្តិយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីជំនឿសាសនារបស់ខ្លួន ក៏ដូចជាដើម្បីការអប់រំ និងផ្សព្វផ្សាយនូវគុណតម្លៃនៃសាសនាឥស្លាម ជាពិសេសសម្រាប់សាសនិកឥស្លាមជំនាន់ក្រោយៗទៀត។
លោកបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈរបស់សាសនាឥស្លាម ទាំងនៅក្នុងក្របខ័ណ្ឌរួមទូទាំងប្រទេស និងនៅក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះនេះ ក្រោមការយកចិត្តទុកដាក់ផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ដូចដែលស្តែងឡើងតាមរយៈការដាក់ចេញនូវគោលនយោបាយនានាអនុគ្រោះ ដល់សហគមន៍ឥស្លាម និងសាសនិកឥស្លាម ព្រមទាំងភាពស្និទ្ធស្នាល និងភាពកក់ក្តៅរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈការចូលរួមពិធីស្រាយបួសអាហារខែរ៉ាម៉ាដន ជាដើម។
លោកបន្ដថា ប្រទេសកម្ពុជាយើង គ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នាក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេស នោះឡើយ។ ពិតមែនតែនៅក្នុងប្រទេសរបស់យើង មានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែយើងមិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ។ ក្នុងនោះ សាសនាឥស្លាម គឺជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា ហើយសាសនាគ្រិស្ដ រួមទាំងសាសនាដទៃទៀត ក៏ទទួលបាននូវការយកចិត្តទុកដាក់ដូចគ្នា ដោយបង្កើតបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមជាតិទាំងមូល។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក ក៏ដូចជាទៅអនាគត គឺការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពបដិបត្តិជំនឿសាសនា ដែលជាសិទ្ធិរបស់បុគ្គល ហើយសេចក្ដីត្រូវការរួមរបស់ប្រជាជនទាំងអស់ គឺមានតែសុខសន្ដិភាព និងការអភិវឌ្ឍប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត ការលើកស្ទួយវិស័យសាសនា ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ដោយសារសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ តាមរយៈការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ និងការបង្កលក្ខណៈដល់ការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព តាមរយៈការបណ្តុះនូវផ្នត់គំនិតវិជ្ជមាន និងការចែករំលែកជួយគ្នាទៅវិញទៅមកក្នុងនាមជាពលរដ្ឋគំរូ៕