(ភ្នំពេញ)៖ សមាគមលើកកម្ពស់សុខភាពកូរ៉េ (KAHP) សហការជាមួយសាកលវិទ្យាល័យជាតិចន់ប៊ូក (Jeonbuk National University) មន្ទីរពេទ្យបង្អែកព្រែកព្នៅ ក្រសួងសុខាភិបាល ដោយគាំទ្រពី KOICA បានបន្ដផ្ដល់ប្រឹក្សា និងធ្វើតេស្ដរោគវិនិច្ឆ័យដោយឥតគិតថ្លៃ សម្រាប់ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត ជូនប្រជាពលរដ្ឋកម្ពុជា៨០០នាក់ ដែលប្រព្រឹត្ដទៅនៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ។

ការផ្ដល់ប្រឹក្សា និងពិនិត្យព្យាបាលនេះ បានធ្វើឡើងរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។

ក្នុងឱកាសដំណើរទស្សនកិច្ចនៅកម្ពុជា លោក Kim In-One អគ្គនាយកសមាគមលើកកម្ពស់សុខភាពកូរ៉េ (KAHP) កាលពីដើមសប្តាហ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ សមាគមរបស់លោក បាននឹងកំពុងអនុវត្ដគម្រោងគ្រប់គ្រងជំងឺមិនឆ្លងនៅកម្ពុជា ដូចជាជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមជាដើម ដោយបានផ្ដល់ការប្រឹក្សា ការចុះអប់រំដល់ប្រជាពលរដ្ឋ ការធ្វើតេស្ដរោគវិនិច្ឆ័យ និងព្យាបាលជំងឺទឹកនោមផ្អែមដែលធ្វើឡើងនៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ។

លោកបានបន្ដថា «គម្រោងគ្រប់គ្រងជំងឺមិនឆ្លងនេះមានរយៈពេល៣ឆ្នំា (២០២២-២០២៤) នេះជាឆ្នាំទី២ហើយ ដែលគម្រោងរបស់យើងបានអនុវត្ដ ហើយផ្ដោតសំខាន់ទៅលើជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម។ បច្ចុប្បន្ននេះ គឺយើងបានផ្ដល់សេវាជូនប្រជាពលរដ្ឋនៅតែមន្ទីរពេទ្យព្រែកព្នៅតែមួយគត់ តែយើងគ្រោងនឹងពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ពិសេសគ្រោងនឹងពង្រីកលើផ្នែកសម្ភពរោគស្រ្ដី ដើម្បីជួយលើកកម្ពស់សុខភាពស្ដ្រីនៅកម្ពុជា»

លោកបានបញ្ជាក់ថា មកទល់នឹងពេលនេះ សមាគមលើកកម្ពស់សុខភាពកូរ៉េ បានជួយពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ជូនប្រជាពលរដ្ឋកម្ពុជា ជាច្រើនរយនាក់ហើយ ពិសេសការធ្វើឱ្យប្រសើរឡើងនូវសុខភាព ព្រមទាំងរបៀបរស់នៅប្រជាជន ឱ្យចៀសផុត ឬបង្ការពីជំងឺមិនឆ្លងទាំងនេះ។

តាមការបញ្ជាក់លោក សុន សុភា អាយុ ៤៣ឆ្នាំ រស់នៅសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ ដែលបានមកទទួលសេវាប្រឹក្សាណែនាំ និងពិនិត្យរករោគវិច្ឆ័យជំងឺមិនឆ្លងខាងលើ បានឱ្យដឹងថា ពីមុនលោកមានសុខភាពទ្រុតទ្រោមខ្លាំង លើសសម្ពាធឈាម គីឡូក៏ឡើងខ្លាំងមិនសមាមាត្រជាមួយនឹងរាងកាយ តែដោយទទួលដំណឹងពីមេភូមិប្រកាសថា នឹងមានសមាគមន៍កូរ៉េ ផ្ដល់ប្រឹក្សា និងពិនិត្យសុខភាព លោកក៏បានមកទទួលសេវានោះ។

លោក សុន សុភា បានឱ្យដឹងថា «ខ្ញុំបានមកពិនិត្យសុខភាព ដោយធ្វើតេស្ដរករោគវិនិច្ឆ័យ ក៏ឃើញថាខ្ញុំលើសឈាមកម្រិតធ្ងន់ លើសទម្ងន់ច្រើន បានធ្វើឱ្យរាងកាយខ្ញុំចុះខ្សោយ»។ ពេទ្យបានអប់រំខ្ញុំ ឱ្យចេះវិធីថែរក្សាសុខភាព ដើម្បីចៀសផុតពីជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ហើយបានប្រាប់ពីរបៀបនៃការរស់នៅប្រចាំថ្ងៃ ទាំងរបបអាហារ និងការធ្វើលំហាត់ប្រាណ ពិសេសមិនឱ្យបរិភោគអាហារដែលមានរសជាតិ ប្រៃ ផ្អែម និងខ្លាញ់ច្រើនពេកនោះទេ»

«ក្រោយការព្យាបាលមួយរយៈពេល ខ្ញុំក៏មានសុខភាពល្អប្រសើរឡើងវិញ ហើយពេលនេះខ្ញុំក៏ក្លាយជាសមាជិកនៅក្នុងក្រុមក្លិមហាត់ប្រាណរបស់សមាគមនេះផងដែរ ពិសេសពេលនេះបានធ្វើឱ្យខ្ញុំយល់ដឹងពីសុខភាព និងចេះស្រលាញ់ខ្លួនឯងកាន់តែខ្លាំង»។ការលើកឡើងបន្ថែមរបស់លោក សុន សុភា។

សូមជម្រាបថាក្នុងរយៈពេលអនុវត្ដគម្រោងខាងលើជាងមួយឆ្នាំមកនេះ ក្លិបហាត់ប្រាណរបស់សមាគម ក៏បានជ្រើសនូវសមាជិក ប្រមាណ៣០០នាក់ផងដែរ។ នៅឆ្នាំនេះនឹងជ្រើសបន្ថែមចំនួន១៥០នាក់ទៀត។

បើតាមការឱ្យដឹងរបស់លោកវេជ្ជបណ្ឌិត កៅ សុផាត នាយកមន្ទីរពេទ្យបង្អែកព្រែកព្នៅ បានបញ្ជាក់ថា ក្រោមការជួយរបស់សមាគមលើកកម្ពស់សុខភាពកូរ៉េមកនេះ ឃើញថាប្រជាពលរដ្ឋយើងមានការយល់ដឹងច្រើនពីជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែមជាដើម ខណៈដែលកន្លងមកពលរដ្ឋយើងហាក់គ្មានជំនឿលើការប្រើប្រាស់ថ្នាំព្យាបាលបែបវេជ្ជសាស្ដ្រនោះទេ គឺជឿទៅលើតែឱសថបុរាណតែប៉ុណ្ណោះ ថាជំងឺនេះព្យាបាលនេះជា ដែលធ្វើឱ្យសុខភាពគាត់កាន់តែធ្ងន់ធ្ងរទៅៗ និងធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់គាត់មានភាពលំបាក ហើយចំណាយថវិកាច្រើនហើយនៅតែមិនជា រហូតខ្លះដល់បាត់បង់ជីវិត។

លោកបន្ដថា «ខ្ញុំសប្បាយចិត្ដណាស់ ពេលឃើញពលរដ្ឋយើង ដូរឥរិយាបថ ចេះថែទាំសុខភាព និងមកទទួលការព្យាបាលបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ពិសេសបានមកហាត់ប្រាណ និងតាមដានសុខភាពជាមួយសមាគមខាងលើនេះ ឃើញថាសុខភាពពួកគាត់បានប្រសើរជាងមុន។

ក្នុងនោះ លោកនាយកមន្ទីរពេទ្យបង្អែកក៏បានថ្លែងអំណរគុណដល់ភាគីកូរ៉េ ពិសេសដល់សមាគមលើកកម្ពស់សុខភាពកូរ៉េ ដែលបានខិតខំជួយលើកកម្ពស់សុខភាពកម្ពុជាបានប្រសើរឡើង ហើយមានការយល់ដឹងពីវិធីបង្ការ ការពារ ទប់ស្កាត់ ពីជំងឺមិនឆ្លងទាំងអស់នេះ។ ទន្ទឹមនឹងនោះ លោកក៏បានស្នើសុំឱ្យសមាគមមួយនេះ បន្ដជួយជាបន្ដបន្ទាប់ទៀត នៅលើគម្រោងនេះ ក៏ដូចជាគម្រោងផ្សេងៗទៀត ដើម្បីជួយលើកកម្ពស់សុខភាពប្រជាជនកម្ពុជា។

ជាការឆ្លើយតប លោក Kim In-One អគ្គនាយកសមាគមលើកកម្ពស់សុខភាពកូរ៉េ នឹងប្ដេជ្ញាជួយលើកកម្ពស់សុខភាពប្រជាជនកម្ពុជា បន្ទាប់ពីគម្រោងខាងលើនេះ បានបញ្ចប់យ៉ាងជោគជ័យ៕