(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការបង្កើត ការចុះបញ្ជី និងការធ្វើសកម្មភាព របស់គណបក្សនយោបាយរបស់ខ្លួន ឲ្យបានឆាប់។
នៅក្នុងសេចក្តីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានបញ្ជាក់ឲ្យដឹងថា «រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាយើងមាន គណបក្សនយោបាយ សរុបចំនួន៦៧ ដែលក្នុងនោះ គណបក្សចំនួន៤៤ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ហើយចំនួន២៣ទៀត ពុំទាន់បានចុះបញ្ជីនៅឡើយទេ»។
កន្លងមកក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា គណបក្សនយោបាយមួយចំនួន ដែលបានសុំបង្កើតស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ ដែលប្រកាសឲ្យប្រើ តាមព្រះរាជក្រម បាននិងកំពុងតែ ធ្វើសកម្មភាព ដោយពុំទាន់បានចុះបញ្ជីរួចរាល់ និងទទួលបានសុពលភាព ស្របតាមការ កំណត់ដូចមានចែងក្នុងជំពូកទី៥ នៃ ច្បាប់នេះនៅឡើយ។
បន្ថែមពីលើនេះ ក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ដើម្បីមានសិទ្ធិចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះ ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់តំណាងស្ថាបនិកគ្រប់ គណបក្សនយោបាយ ដែលបានសុំបង្កើតរួចហើយ និងមានបំណង ធ្វើសកម្មភាព ត្រូវរួសរាន់បំពេញបែបបទ និងលក្ខខណ្ឌ ដូចមានចែងនៅក្នុងជំពូកទី៥ ត្រង់មាត្រា ២០នៃច្បាប់ស្តីពី គណបក្សនយោបាយ។
ក្រសួងមហាផ្ទៃសុំស្នើដល់គ្រប់គណបក្សនយោបាយដែលបានបង្កើតរួចហើយ ពុំទាន់បានចុះបញ្ជីដើម្បីទទួលបានសុពលភាព ហើយមានបំណងធ្វើ សកម្មភាពណាមួយ ឫលើកស្លាកសញ្ញាទីស្នាក់ការ សាខានៅរាជធានីភ្នំពេញ និងទីស្នាក់ការសាខាគ្រប់ខេត្ត តំណាងស្ថាបនិកនៃគណបក្សនយោបាយ ត្រូវធ្វើលិខិតជាលាយលក្ខណ៍អក្សរ ស្នើសុំការអនុញ្ញាតជាមុនពីក្រសួងមហាផ្ទៃ ជាពិសេស គឺគ្រប់គណបក្សនយោបាយត្រូវធ្វើ សកម្មភាពស្របតាម គោលការណ៍ច្បាប់ និងរាល់លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយគណនេយ្យភាព តម្លាភាព និងអាព្យាក្រឹតភាព ក្នុងគោលបំណងដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា កាន់តែរឹងមាំស្របតាមគោល ការណ៍លទ្ធិប្រជាធិបេតយ្យសេរីពហុបក្ស៕
ខាងក្រោមនេះ គឺជាសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ជូនចំពោះគ្រប់គណបក្សនៅទូទាំងប្រទេសកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖