(កណ្តាល)៖ លោក រ៉ូ ប៊ីនណៃ សមាជិក នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានថ្លែងនៅចំពោះមុខ តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា មានសន្តិភាព ទើបមានការគោរពសិទ្ធិមនុស្ស។
លោក បានបន្ថែមថា សន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ពលរដ្ឋកម្ពុជា ព្រោះថាសន្តិភាពនៅកម្ពុជា កើតចេញពីការតស៊ូយកអាយុជីវិតទៅប្តូរ និងការលះបង់ដ៏មហាធំធេងរបស់ប្រមុខដឹកនាំរបស់កម្ពុជា។ ដូច្នេះពលរដ្ឋកម្ពុជា រួមទាំងភាគីអន្តរជាតិផង ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានជាដាច់ខាត។
លោក រ៉ូ ប៊ីនណៃ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពីលិខិតបទដ្ឋានជាតិ-អន្តរជាតិ និងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគោរពសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ។ ក្នុងនោះការងារប្រយុទ្ធប្រឆាំងអំពើទារុណកម្ម ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ អនុលោមតាមសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងទារុណកម្ម។
លោក រ៉ូ ប៊ីនណៃ បន្តថា កម្ពុជា គឺជាប្រទេសតែមួយគត់នៅក្នុងតំបន់ដែលបានផ្តល់សច្ចាប័នលើលិខិតតុបករណ៍អន្តរជាតិច្រើនជាងគេ ហើយតាមការសាវជ្រាវ កម្ពុជាក៏ជាប្រទេសនាំមុខគេក្នុងតំបន់ដែលបានបង្កើតស្ថាប័នជាតិទទួលបន្ទុកការងារប្រឆាំងទារុណកម្មមុនគេដែរ។ នេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តកាតព្វកិច្ចតាមលិខិតតុបករណ៍អន្តរជាតិ ក្នុងនាមខ្លួនជារដ្ឋភាគី។
ក្នុងឱកាសនោះ លោក លោក រ៉ូ ប៊ីនណៃ បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកដាក់ក្រេបយកចំណេះដឹងពីវគ្គអប់រំផ្សព្វផ្សាយនេះទៅចែករំលែកបន្តដល់មន្រ្តីដ្នាក់ក្រោម ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការបំពេញការងារប្រចាំថ្ងៃជូនរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកណ្តាលទាំងមូល។
ជាមួយគ្នានោះលោកក៏បានថ្លែងកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកលើកមុខមាត់រាជរដ្ឋាភិបាលលើឆាកអន្តរជាតិ ក្នុងវិស័យសិទ្ធិមនុស្ស។
សូមបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបានសហការជាមួយរដ្ឋបាលខេត្តកណ្តាល បានរៀបចំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពីលិខិតបទដ្ឋានជាតិ-អន្តរជាតិលើការបង្ការ ប្រឆាំងទារុណកម្ម និងតួនាទីភារកិច្ចរបស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្រោមអធិបតីភាពរបស់ លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។
ពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល លោក លីវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល តំណាងមកពីស្ថាប័នតុលាការ ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថ ពន្ធនាគារ និងអាជ្ញាធរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តកណ្តាលសរុបចំនួន ៣៥០នាក់។
គោលបំណងនៃវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយនេះ គឺដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អ សំដៅលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពដល់អាជ្ញាធរមានសមត្ថកិច្ច និងតួរអង្គពាក់ព័ន្ធនានានៅក្នុងខេត្តសៀមរាប ដើម្បីធានាបង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់អំពើទារុណកម្មគ្រប់ទម្រង់នៅកម្ពុជា៕