(កំពង់ចាម)៖ ពិតជាគួរឱ្យស្ញប់ស្ញែងណាស់ កម្មការិនីម្នាក់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម បើទោះបីខ្លួនជាស្ត្រីមេម៉ាយ និងមានជីវភាពខ្វះខាត តែមានឆន្ទៈមុះមុតមិនរួញរានឹងការលំបាកទាំងឡាយ ប្តេជ្ញាតស៊ូផ្គត់ផ្គង់កូនៗឱ្យរៀនបានខ្ពស់ ដើម្បីឆ្ពោះទៅរកអនាគតល្អ និងប្រសើរជាងខ្លួន។
អ្នកស្រី លន់ ធីតា រស់នៅក្នុងភូមិតាកែវ ឃុំគ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បាននិងកំពុងបំពេញការងារនៅក្នុងរោងចក្រដេរស្បែកជើងមួយកន្លែងក្នុងស្រុកជើងព្រៃ។ អ្នកស្រី មានកូនប្រុសពីរនាក់ ដែលកូនប្រុសម្នាក់អាយុប្រមាណ ១៣ឆ្នាំ និងម្នាក់ទៀត អាយុជាង ៨ឆ្នាំ។
កាលពីជាង៨ឆ្នាំមុន អ្នកស្រី លន់ ធីតា បម្រើការងារនៅរោងចក្រក្នុងរាជធានីភ្នំពេញ ជាមួយស្វាមី។ ពេលមានកំណើតកូនទី២ អ្នកស្រីបានត្រឡប់ទៅនៅផ្ទះ ស្រាប់តែស្វាមី មានប្រពន្ធថ្មី បោះបង់អ្នកស្រីចោលតែម្តង។
អ្នកស្រី បានរំលឹកថា នៅពេលនោះជាពេលលំបាកជាទីបំផុត។ ជាស្ត្រីមេម៉ាយ មានកូនខ្ចី ហើយត្រូវចិញ្ចឹមម្តាយចាស់នៅក្នុងផ្ទះថែមទៀត។ តែអ្នកស្រី បានជម្នះការលំបាកគ្រប់បែបយ៉ាងដើម្បីជីវិត។
បច្ចុប្បន្នកូនប្រុសទី១របស់អ្នកស្រី បាននិងកំពុងរៀនថ្នាក់ទី៨ ហើយកូនប្រុសទី២ រៀនថ្នាក់ទី២។ អ្នកស្រី បានគូសបញ្ជាក់ថា អ្នកស្រីមិនត្រឹមតែចិញ្ចឹមកូនប្រុសដល់ទៅពីរនាក់ប៉ុណ្ណោះទេ ថែមទាំងចិញ្ចឹមម្តាយចាស់ថែមទៀតផង។
ការងារជាកម្មការិនីអ្នកស្រី លន់ ធីតា អាចរកបានប្រាក់ឈ្នួលចន្លោះពីជាង ២០០ដុល្លារ ទៅ៣០០ដុល្លារប៉ុណ្ណោះ។ ជាស្ត្រីមេម៉ាយចិញ្ចឹមកូន និងម្តាយផង ចំណូលពីការងារចន្លោះពីជាង ២០០ដុល្លារ ទៅ ៣០០ដុល្លារនេះ ធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់អ្នក ស្រីជួបការលំបាកច្រើន។
បើទោះបីក្នុងជីវភាពមានការលំបាកយ៉ាងណា អ្នកស្រី លន់ ធីតា មានការតាំងចិត្តខ្ពស់ឱ្យកូនប្រុសរបស់ខ្លួនទាំងពីរសិក្សារៀនសូត្របានខ្ពស់។ អ្នកស្រី លន់ ធីតា មានការយល់ឃើញថា មានតែការសិក្សារៀនសូត្រ មានតែចំណេះវិជ្ជាប៉ុណ្ណោះ ដែលអាចជួយឱ្យកូនអ្នកស្រីមានអនាគតមួយល្អប្រសើរ និងចៀសផុតពីស្ថានភាពលំបាកដូចអ្នកស្រីនាពេលបច្ចុប្បន្ន។
អ្នកស្រី ក៏បានប្រាប់ Fresh News ផងដែរថា រាល់ថ្ងៃនេះ ទោះបីមានការនឿយនឹងការងារនៅកន្លែងធ្វើការ និងការងារនៅផ្ទះយ៉ាងណាក៏ដោយ ក៏អ្នកស្រីឆ្លៀតតាមដានការសិក្សាកូន និងតែងតែអប់រំកូនបន្ថែមឱ្យប្រឹងប្រែងសិក្សារៀនសូត្រ៕