(កណ្ដាល)៖ នៅព្រឹកថ្ងៃទី​១៦​ ខែ​មិថុនា​ ឆ្នាំ២០២៣​ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានសហការជាមួយ​សមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​ បានរៀបចំកម្មវិធី​ស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបដិបទកូវីដ១៩ ជូនដល់ម្ចាស់សហគ្រាសធនតូច និងមធ្យម ព្រមទាំងដៃគូពាក់ព័ន្ធនាមានដូចជា​ សហគ្រិនខ្មែរ​ គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ​ អិលអូអិលស៉ី​ ក្រុមហ៊ុន​ វៀតធេល​ (ខេមបូឌា) ធនាគារ​ វីង​ ខេមបូឌា​ ម.ក​ និងដៃគូសហគារផ្សេងៗទៀតប្រមាណ១៤០រូប។

សិក្ខានេះបានធ្វើឡើងក្រោមអធិបតីលោក ប៊ុន ផេន អភិបាលរងខេត្តកណ្ដាល តំណាងលោក គង់​ សោភ័ណ្ឌ​ អភិបាលខេត្តកណ្តាល​ និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលានេះ លោក ប៊ុន ផេន បានបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ សម្រាប់ម្ចាស់ សហគ្រាសធុនតូច និងមធ្យម ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ ដែលកើតឡើងក្នុង សហគ្រាសផ្ទាល់ រួមមានដូចជា៖ ខ្សែសង្វាក់ទីផ្សារក្នុងស្រុក ការនាំចេញ ការទទួលបានច្បាប់ថ្មីៗ និងបទប្បញ្ញតិនានា ហើយក្រោយពីបានទទួលការបណ្តុះបណ្តាលក្នុងកម្មវិធីពេញមួយថ្ងៃនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ទាំងអស់នឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីយកទៅអនុវត្ត និងពង្រឹងសម្ថភាព និងអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបានបញ្ជាក់បន្តថា សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសដ៏ល្អ មួយសម្រាប់ម្ចាស់សហគ្រាស បានជួបផ្ទាល់ជាមួយធនាគារ និងក្រុមហ៊ុនផ្តល់សេកម្មផ្សេងៗ ដើម្បីបង្ហាញអំពីសេចក្តីត្រូវការរបស់ខ្លួនទៅកាន់ធនាគារ និងក្រុមហ៊ុនផ្តល់សេវាកម្មទាំងនោះ ឲ្យជួយដោះស្រាយបញ្ហារបស់ពួកគាត់ ក៏ដូចជាឲ្យសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានដឹងអំពីបញ្ហាដែលកើតមានឡើងក្នុងសហគ្រាសនីមួយៗ យកមកប្រមូលផ្ដុំជាឯកសារ ស្វែងរកវិធីដោះស្រាយជូនម្ចាស់សហគ្រាសឱ្យទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន។

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា សិក្ខាសាលានេះ គឺជាលើកទី២ហើយនៅទូទាំង២៥ រាជធានី-ខេត្ត។ ក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ដើម្បីជួយឲ្យសហគ្រាសធុនតូច និងមធ្យមទាំងអស់ ទទួលបានថវិការសំរាប់អភិវឌ្ឍន៍សហគ្រាសរបស់ខ្លួន ទទួលបានចំណេះដឹងបន្ថែម ក្នុងការជំរុញទីផ្សារនៅក្នុងស្រុក និងការជំរុញទីផ្សារទៅក្រៅប្រទេស ព្រមទាំងទទួលចំណេះដឹងថ្មីៗបន្ថែមទៀត។

លោកឧកញ៉ាក៏បានអំពាវនាវប្រជាពលដ្ឋ ត្រូវរួមគ្នាកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង ដោយនាំគ្នាងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ដើម្បីជួយដល់សហគ្រាសក្នុងស្រុក មានលទ្ធភាពក្នុងការផលិត មានប្រាក់ចំណេញ ជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕