Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ភឿង សកុណា អំពាវនាវឲ្យប្រឹងប្រែងថែរក្សាសន្តិភាពនៅកម្ពុជា ព្រោះរកបានមកដោយលំបាកណាស់

16-06-2023 16:24

(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការបក្ស ក្រសួងវប្បធម៌ និងវិចិត្រសិល្ប បានថ្លែងអំពាវនាវឲ្យប្រឹងប្រែងថែរក្សាសន្តិភាពនៅកម្ពុជា ព្រោះសន្តិភាពនេះ ត្រូវបានរកមកដោយលំបាកណាស់ តាមរយៈការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោកស្រីថែមទាំងណែនាំសមាជិកសមាជិកា ឲ្យចងចាំថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ ហើយទោះនៅក្នុងតម្លៃណាមួយក៏ដោយ គណបក្សប្រជាជនកម្ពុជា ប្រឹងប្រែងថែរក្សាសន្តិភាពនេះមិនឲ្យបាត់បង់ទៅវិញនោះទេ។ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចការពារសន្តិភាពដ៏មានតម្លៃនេះបាន។

ថ្លែងនៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ពេលអញ្ជើញជាអធិបតី ក្នុងកម្មវិធី «ជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជន នៃគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ» លោកស្រី ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺមានច្រើនណាស់ ប៉ុន្តែសូមផ្តោតសំខាន់ៗតែនៅលើគោលនយោបាយមួយចំនួន ដែលយើងបានធ្វើរួចមកហើយ និងប្រឹងធ្វើបន្តទៅមុខទៀត។ ក្នុងនោះគោលនយោបាយនៅក្នុងប្រទេស ដាច់ខាតយើងរក្សាការពារនូវសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីឲ្យសមិទ្ធផលធំៗរបស់យើងនេះ បានរឹងមាំ»

លោកស្រី ក៏បានចោទសួរថា ហេតុអ្វីសន្តិភាព ចែកមិនដាច់? ប៉ុន្តែសមាជិក សមាជិកាទាំងអស់ មិនបាច់មើលទៅឆ្ងាយនោះទេ គឺអាចមើលតែតាមប្រព័ន្ធផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ថាតើប្រទេសមួយចំនួននៅលើពិភពលោក ដូចជានៅវៀតណាម មីយ៉ាន់ម៉ា អ៊ុយក្រែន ស៊ូដង់ ថាតើប្រទេសទាំងអស់នេះ មានសន្តិភាពដែរឬទេ សព្វថ្ងៃនេះបញ្ហាដោយការប៉ះទង្គិចប្រដាប់អាវុធ មានជាង៣០០កន្លែង នៅលើពិភពលោក។

បើតាមលោកស្រី ភឿង សកុណា ការកើតមានសង្រ្គាមនេះឡើង ដោយសារការដឹកនាំ ក៏ប៉ុន្តែការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយមានអង្គព្រះមហាក្សត្រជាម្លប់ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងសន្តិភាព ហើយកាលណាមានសន្តិភាព អ្វីៗក៏អាចមានបានផងដែរ។

លោកស្រី ភឿង សកុណា បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើតែធ្វើការងារគ្រប់យ៉ាងគិតដល់ប្រយោជន៍ជាធំ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែធ្វើ និងប្រកាន់ខ្ជាប់ជានិច្ច ដើម្បីការឯកភាពជាតិ និងបូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ជាទីស្រលាញ់មួយនេះ

លោកស្រី ភឿង សកុណា ក៏បានរំលឹកដល់សមាជិកទាំងអស់ ត្រូវផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយដល់ពលរដ្ឋ ឲ្យបានយល់ដឹងអំពីគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ដែលនាំមកនូវសន្តិភាព។ កត្តាដែលប្រទេសយើងមានសុខសន្តិភាពនេះហើយ ដែលបានធ្វើឱ្យគណបក្សប្រជាជន មានគ្រប់លទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។

លោកស្រីក៏បានអំពាវនាវសមាជិកសមាជិកា ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា។ សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕