(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តធនសិរី ស្ថិតនៅក្នុងភូមិចំការទួល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ពិធីនេះមានការអញ្ជើញ/និមិន្តចូលរួមនាឱកាសនោះរួមមាន៖ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សរុប ១,១៩៣នាក់។
នាឱកាសនោះដែរ លោក វុឺ សំណាង អភិបាលកំពង់ស្ពឺ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក ហ៊ុន ម៉ានី និងធ្វើរបាយការណ៍នៃការកសាងវត្តធនសិរី ដែលវត្តនេះបានចាប់ផ្តើមកសាងឡើងតាំងពីឆ្នាំ១៩៣៤ មកម្ល៉េះ ដែលរហូតមក ដល់ពេលនេះ គឺមានអាយុកាលប្រមាណ៨៩ឆ្នាំហើយ។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថា តាមរយៈសមិទ្ធផលទាំងអស់នេះ យើងមិនអាចបំភ្លេចបាននូវតម្លៃនៃសន្តិភាព ដែលតាមរយៈសន្តិភាពនេះ យើងនឹងអាចទទួលបានសមិទ្ធផលជាបន្តបន្ទាប់ទៀត។
លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានមកចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានា ស្ថិត នៅក្នុងវត្តធនសិរី (ហៅវត្តថ្នល់រការ) ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាឱកាសនេះ។
ជាមួយគ្នានោះ លោកបានចូលរួមត្រេកអរ អនុមោទនាជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសបងប្អូនប្រជាពលរដ្ឋអ្នកឃុំបសេដ្ឋទាំងអស់ ដែលបានទទួលនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់បម្រើឱ្យសេចក្តីត្រូវការ នៅក្នុងទីវត្តអារាមនេះផងដែរ។
លោក ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរព្រះគុណចំពោះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរបច្ច័យពីសប្បុរសជន និងពុទ្ធបរិស័ទពីគ្រប់ទិសទី ដើម្បីកសាងសមិទ្ធផលទាំងនេះឱ្យលេចចេញជារូបរាងឡើង សម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងទុកជាសក្ការៈសម្រាប់ពុទ្ធបរិស័ទគោរពបូជា។
ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណចំពោះទឹកចិត្ត សទ្ធាជ្រះថ្លាសល់សប្បុរសជន និងបងប្អូនពុទ្ធបរិស័ទ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត សម្ភារ និងថវិកាចូលរួមចាប់មគ្គផលកសាង សមិទ្ធផលជាបន្តបន្ទាប់នៅក្នុងទីវត្តអារាមនេះផងដែរ។
លោកបានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធ សាសនិកយើង និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹង ប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ឯកឧត្តមបានបន្តថា ទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចាចិត្តដល់ប្រជាពលរដ្ឋគ្រប់ៗរូបតាមគន្លងព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ ថែមទៀតផង។
សូមជម្រាបជូនថា កុដិ ឧបដ្ឋានសាលា សាលាបាលី ព្រះវិហារ និងសមិទ្ធផលនានាផ្សេងៗទៀត ដែលត្រូវបានដាក់សម្ពោធឆ្លងនាថ្ងៃនេះ គិតជាតម្លៃសាងសង់សរុបប្រមាណ ៧៦៨,៤៥០ដុល្លារអាមេរិក ដែលសមិទ្ធផលទាំងនេះទទួលបានពីការចូលរួមបស់បងប្អូនពុទ្ធបរិស័ទ និងសប្បុរសជនទីជិតទីឆ្ងាយ រួមជាមួយព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត សម្ភារ និងថវិកា ចូលរួមចាប់មគ្គផលកសាងសមិទ្ធផលជាបន្តបន្ទាប់នៅក្នុងទីវត្តអារាមនេះ៕