Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហ្វីលីពីនប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា ដើម្បីជំរុញ និងបង្កើនទេសចរទៅវិញទៅមក (Video inside)

16-06-2023 08:16

(ភ្នំពេញ)៖ ភាគីហ្វីលីពីនបានបង្ហាញការចាប់អារម្មណ៍ចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយភាគីកម្ពុជា ដូចជា ការបន្តអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគី ការតភ្ជាប់ជើងហោះហើរត្រង់បន្ថែម ការផ្លាស់ប្ដូរអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP)ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ ការជំរុញទេសចរណ៍សុខាភិបាលជាដើម។

ចេតនានេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា ហ្ការស៉ីយ៉ា ហ្វ្រាស្កូ (Esperanza Christina Garcia Frasco) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងជំនួបទ្វេភាគីនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ហ្វីលីពីន ដែលបានធ្វើឡើងកាលពីឆ្នាំ២០០០ និងការរៀបចំកិច្ចប្រជុំក្រុមការងារចម្រុះកម្ពុជា-ហ្វីលីពីនចំនួន៣លើក ព្រមទាំងការអនុវត្តផែនការសកម្មភាពជាបន្តបន្ទាប់ រហូតដល់ដំណាក់ជួបវិបត្តិសកលនៃការរាតត្បាតជំងឺកូវីដ១៩។

លោករដ្ឋមន្ត្រី ថោង ខុន បានស្នើលោកស្រីរដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ពិចារណាលើការបន្តសុពលភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាកន្លងមក ឬក៏រៀបចំឱ្យមានអនុស្សរណៈយោគយល់គ្នាថ្មី សំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគីកម្ពុជា-ហ្វីលីពីនឡើងវិញ។

តាមរយៈការស្នើឱ្យពិចារណានេះ ភាគីទាំងពីរក៏បានឯកភាពរៀបចំឱ្យមានកិច្ចប្រជុំក្រុមការងារចម្រុះកម្ពុជា-ហ្វីលីពីនលើកទី៤ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគី និងពីភាក្សាគ្នាថា តើត្រូវបន្តសុពលភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នា? ឬក៏រៀបចំឱ្យមានអនុស្សរណៈយោគយល់គ្នាថ្មី?

ភាគីទាំងពីរបានឯកភាពជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន ក្នុងនោះពីរដ្ឋធានីម៉ានីលមកកាន់ខេត្តសៀមរាប ឬពីទីក្រុងសេប៊ូមកកាន់រាជធានីភ្នំពេញ ពីសេប៊ូមកកាន់សៀមរាបជាដើម ខណៈបច្ចុប្បន្នប្រទេសទាំងពីរមានជើងហោះហើរត្រង់រវាងភ្នំពេញ-ម៉ានីលរួចហើយកាលពីឆ្នាំ២០១៩។

លោកស្រីរដ្ឋមន្ត្រី អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា បានមើលឃើញនូវការអនុវត្តដោយជោគជ័យ និងឈានមុខរបស់កម្ពុជា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងមានបំណងចង់ឱ្យភាគីកម្ពុជាចែករំលែកបទពិសោធន៍លើការងារនេះដល់ភាគីហ្វីលីពីន ដើម្បីឱ្យអ្នកជំនាញទេសចរណ៍ហ្វីលីពីនទទួលបានចំណេះ ជំនាញបន្ថែមទៀតឱ្យស្របតាមស្ដង់ដាអាស៊ាន។

លោកស្រីរដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីនក៏ស្នើឱ្យមានការជំរុញទេសចរណ៍វេជ្ជសាស្ត្រពីកម្ពុជាទៅកាន់ហ្វីលីពីនផងដែរ ដោយហេតុលោកស្រីមើលឃើញថាមានប្រជាជនកម្ពុជាច្រើនដែលចេញទៅរកសេវាសុខាភិបាលនៅក្រៅប្រទេស ហើយភាគីហ្វីលីពីនស្វាគមន៍ទេសចរពីកម្ពុជាជានិច្ច។

ភាគីហ្វីលីពីនក៏ចង់ផ្លាស់ប្ដូរបទពិសោធន៍លើវិស័យអេកូទេសចរណ៍ជាមួយភាគីកម្ពុជាផងដែរ ដោយលោកស្រីរដ្ឋមន្ត្រី អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា ពិតជាមានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍវិស័យអេកូទេសចរណ៍នៅកម្ពុជា ដែលប្រកាន់នូវគោលការណ៍គិរគូរពីនិរន្តរភាព និងទំនួលខុសត្រូវចំពោះបរិស្ថាន។ លោកស្រីថា ហ្វីលីពីនមានតំបន់អេកូទេសចរណ៍យ៉ាងច្រើន ប៉ុន្តែក៏ចង់ទទួលបានបទពិសិធន៍បន្ថែមពីកម្ពុជា ដើម្បីដើរឱ្យស្របទៅនឹងគោលការណ៍គិរគូរពីនិរន្តរភាព និងទំនួលខុសត្រូវចំពោះបរិស្ថានដូចកម្ពុជាដែរ។

លោកស្រីរដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីនក៏បានអញ្ជើញលោករដ្ឋមន្ត្រី ថោង ខុន ទៅទស្សនកិច្ចផ្លូវការ ឬផ្ទាល់ខ្លួននៅទីក្រុងសេប៊ូ នៃប្រទេសហ្វីលីពីនផងដែរ ខណៈទីក្រុងនេះក៏មានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍ ហើយក៏ជាទឹកដីកំណើតរបស់លោកស្រីរដ្ឋមន្ត្រីផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានឯកភាពចំពោះការអញ្ជើញទៅទស្សនកិច្ចនេះ ព្រមទាំងបានអញ្ជើញលោកស្រីរដ្ឋមន្ត្រីហ្វីលីពីនទៅទស្សនកិច្ចនៅខេត្តសៀមរាប ក៏ដូចជាតំបន់រមណីយដ្ឋានអង្គរផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក៏ដូចជាការស្វែងយល់ពីការតភ្ជាប់ជើងហោះហើរបន្ថែមផងដែរ៕