(ភ្នំពេញ)៖ ធនាគារ ស្ថាបនា បានចេញលិខិតបំភ្លឺមួយ ក្រោយមានការផ្សាយលើបណ្តាញសង្គមនាពេលថ្មីៗនេះ ពាក់ព័ន្ធទៅនឹងអតីតបុគ្គលិករបស់ធនាគារ ដោយះអាងថា ការចុះផ្សាយអត្ថបទនេះ មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបង្កឱ្យមានការភាន់ច្រឡំ។ នេះបើតាមសេចក្តីបំភ្លឺ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងលិខិតបំភ្លឺ បានបញ្ជាក់យ៉ាងដូច្នេះថា «ធនាគារ ស្ថាបនា បានឃើញ និងមានការស្តោកស្តាយយ៉ាងខ្លាំងចំពោះព័ត៌មានដែលបានចុះផ្សាយលើបណ្តាញសង្គមនាពេលថ្មីៗនេះ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធទៅនឹងអតីតបុគ្គលិករបស់ធនាគារ។ ការចុះផ្សាយអត្ថបទនេះ មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបង្កឱ្យមានការភាន់ច្រឡំ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ធនាគារ ស្ថាបនា និងអាចប៉ះពាល់ដល់ដំណើរការនៃស៊ើបអង្កេតរបស់ស្ថាប័នមានសមត្ថកិច្ចផងដែរ»។

បើតាមលិខិតបំភ្លឺដដែល ក្នុងនាមជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា ធនាគារ ស្ថាបនា មានការទទួលខុសត្រូវខ្ពស់ និងស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិគ្រឹះស្ថានធនាគារដែលមានជាធរមាន។ ធនាគារប្រកាន់ខ្ជាប់ខ្ពស់នូវក្រមសីលធម៌ វិជ្ជាជីវៈ រក្សាទំនុកចិត្តខ្ពស់ និងកេរ្តិ៍ឈ្មោះរបស់ធនាគារយ៉ាងយកចិត្តទុកដាក់បំផុត។ ធនាគារ ស្ថាបនា មិនមានការអត់ឱនចំពោះការប្រព្រឹត្តមិនត្រឹមត្រូវ ឬ ការអនុវត្តមិនត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈការងារណាមួយឡើយ។ កេរ្តិ៍ឈ្មោះរបស់ធនាគារត្រូវបានបង្កើតដោយផ្អែកទៅលើទំនុកចិត្ត សុចរិតភាព និងតម្លាភាព ហើយធនាគារនៅតែបន្តប្តេជ្ញាចិត្តក្នុងការរក្សានូវគុណតម្លៃប្រកបដោយសុវត្ថិភាពខ្ពស់ និងសេវាកម្មល្អឥតខ្ចោះជូនអតិថិជនរបស់យើង។

ធនាគារ ស្ថាបនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន និងសាធារណជនទាំងអស់ដែលបន្តការគាំទ្រ និងជឿជាក់មកលើសេវាធនាគាររបស់ខ្លួន៕