(រតនគិរី)៖ មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី និងលោកស្រី បានបញ្ជូនកូនចិញ្ចឹម ប្រុស-ស្រី៣នាក់ ទៅសាលារៀនកុលសម្ព័ន្ធអប់រំគ្រុប ដើម្បីឲ្យពួកគេមានឱកាសទទួលបាន ចំណេះដឹងបន្ថែម និងអាចមានអនាគតភ្លឺថ្លា។
ការបញ្ជូនកូនកំព្រាឪពុកម្តាយគួរឲ្យអាណិតអាសូរនេះ គឺជាការផ្តល់អាហាររូបករណ៍ ១០០%បូករួមទាំងសម្ភារសិក្សានិងសំលៀកបំពាក់ ដោយសាលារៀនកុលសម្ព័ន្ធអប់រំគ្រុប មានទីតាំងកណ្តាល ទីរួមនក្រុងបានលុង។
គួររំលឹកផងដែរថាក្មេងកំព្រាប្រុស-ស្រី៣នាក់ ដែលម្តាយស្លាប់ចោលប្រមាណ ជាង៥ខែ និងឪពុកស្លាប់ចោលប្រមាណ២០ថ្ងៃក្នុងខ្ទម ចាំចំការកន្លងមកថ្មីៗ នៅស្រុកអូរយ៉ាដាវ ត្រូវបានលោកឧត្តមសេនីយ៍ គឹម រស្មី និងលោកស្រី យកមកធ្វើជាកូនចិញ្ចឹម។
កូនបងទី១មានឈ្មោះ រ៉ា សល់ ភេទប្រុសអាយុ១៣ឆ្នាំ កូនទី២ឈ្មោះ រ៉ា កែវ ភេទស្រី អាយុ១១ឆ្នាំ និងកូនទី៣ឈ្មោះ រ៉ា សំណាង ភេទស្រី អាយុ៧ឆ្នាំ។
លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានថ្លែងថា ថ្ងៃនេះគាត់និងក្រុមគ្រួសារមានទឹកចិត្តសប្បាយរីករាយ ដោយបានបញ្ជូនកូនចិញ្ចឹមចូល សាលាខាងលើ ក្រោមការផ្តល់អាហាររូបករណ៍ ១០០%បូករួមទាំងសម្ភារសិក្សា និងសំលៀកបំពាក់។
ទន្ទឹមនឹងនោះដែរ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំសាលា កុលសម្ព័ន្ធអប់រំគ្រុប ដែលមានសមាណចិត្តសប្បុរសធម៌ ចូលរួមជាមួយក្រុមគ្រួសារគាត់ ដោយផ្តល់ការសិក្សាឥតគិតថ្លៃ។
លោកជុំ សន្យា នាយកប្រតិបត្តិសាលារៀនកុលសម្ព័ន្ធអប់រំគ្រុប បានថ្លែងក្នុងពិធីខាងលើនេះថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកាត់បន្ថយភាពអក្ខរកម្មនោះ ថ្នាក់ដឹកនាំប្រជុំគ្នាសម្រេចផ្តល់ អាហាររូបករណ៍១០០% និងសម្ភារសិក្សា សំលៀកបំពាក់ដល់ក្មេងឪពុកម្តាយប្រុស-ស្រី៣នាក់ខាងលើ ត្រូវជាកូនចិញ្ចឹមលោក គឹម រស្មី និងលោកស្រី។
លោក ជុំ សន្យា បានបន្តទៀតថា អាហាររូបករណ៍ផ្តល់ជូនមុខជំនាញ ចំនួន២គឺទី១ ភាសាអង់គ្លេស ចាប់ពីថ្នាក់១-១២ (រយៈពេល១២ឆ្នាំ) និងមុខជំនាញទី២ ភាសាខ្មែរចាប់ពីថ្នាក់ទី១-៦ (រយៈពេល៦ឆ្នាំ)។
សូមបញ្ជាក់ថាការផ្តល់អាហាររូបករណ៍ខាងលើនេះ ចាប់ចូលរៀនពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ តទៅ៕