(ញូដេលី)៖ កងទ័ពជើងទឹកនិងអាកាសរបស់ប្រទេសឥណ្ឌា រួមជាមួយកងកម្លាំងការពារដែនសមុទ្រ បានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំក្នុងការស្វែងរកយន្តហោះ AN-32 របស់ទ័ពអាកាសដែលបាន បាត់ដំណឹងតាំងពីថ្ងៃសុក្រ ជាមួយមនុស្សជិះនៅលើនោះ ២៩នាក់ស្ថិតនៅតំបន់ជ្រោយសមុទ្រ Bengal។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦។
យន្តហោះខាងលើនេះមានលេខសម្គាល់ AN-32 បានចាកចេញពីព្រលាន Tambaram នៃទីក្រុង Chennai ភាគខាងត្បូងប្រទេសឥណ្ឌា សំដៅទៅទីក្រុង Port Blair នៃរដ្ឋAndaman និងប្រជុំកោះ Nicobar ស្ថិតនៅភាគ អាគ្នេយ៍នៃជ្រោយសមុទ្រ Bengal ហើយក៏បានបាត់ដំណឹងកាលពីវេលាម៉ោង ៨៖៤៥នាទីព្រឹកម៉ោងនៅទីក្រុង ញូដេលី។
ប្រតិបត្តិការរុករកនាព្រឹកថ្ងៃសៅរ៍នេះ មានការចូលរួមដោយយន្តហោះយោធាប្រភេទ C-130 និង AN32 ចំនួនបីគ្រឿង និងយន្តហោះចម្បាំង Dornier ពីរគ្រឿង។ បន្ថែមពីនេះទៀត ក៏មាននាវាចំនួន ១២គ្រឿង ទៀតដែលអាចឲ្យឧទ្ធម្ភាគចក្រចតបានត្រូវបានបញ្ជូនទៅជ្រោយ Bengal ដើម្បីបង្កើនល្បឿនស្វែងរកយន្តហោះ AN-32 នោះផងដែរ។
យន្តហោះត្រូវបានគេរំពឹងថានឹងទៅដល់គោលដៅនៅម៉ោង ១១៖៣០នាទី ថ្ងៃសុក្រប៉ុន្តៃពេលនេះ ដំណឹងអ្វីក៏គ្មាន។ រហូតមកដល់ព្រឹកថ្ងៃសៅរ៍ពេលនេះ កងទ័ពអាកាស និងឆ្មាំការពារដែនសមុទ្រឥណ្ឌា បានចាប់ផ្តើមប្រតិបត្តិការស្វែងរកទ្រង់ទ្រាយធំ៕