(ភ្នំពេញ)៖ លោកស្រីវេជ្ជបណិ្ឌត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសកល សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ កម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាលបាលប្រកបដោយនិរន្តរភាព និងគម្រោងឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រគល់សម្ភារៈវេជ្ជសាស្ដ្រ ជូនមូលដ្ឋានសុខា ភិបាលសាធារណៈទូទាំងប្រទេស។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅឃ្លាំងឱសថកណ្តាល ដែលមានការចូលរួមពីថា្នក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំង២ នាយកដ្ឋានពាក់ព័ន្ធ មន្ទីរពេទ្យជាតិ អង្គភាពថ្នាក់កណ្តាលពាក់ព័ន្ធ និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥។

សម្រាប់សម្ភារៈវេជ្ជសាស្រ្ត ដែលចែកជូនមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេសនាថ្ងៃនេះ រួមមាន៖

១៖ Sensor for handheld pulse oximeter
២៖ Patient Monitor sensor adult
៣៖ Patient Monitor sensor Pediatric
៤៖ Patient Monitor sensor pediatric (extension wire)
៥៖ Skid-mounted booster compressor

សម្ភារៈវេជ្ជសាស្ដ្រនេះ បើគិតជាទឹកប្រាក់ចំនួន ៣៧១,២៣៨ ដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់មូលនិធិសកល សម្រាប់រយៈពេល៣ឆ្នាំ (២០២១-២០២៣) ក្រោមគម្រោងឆ្លើយតបនឹងជំងឺកូវីដ-១៩ បន្ថែមពីលើថវិកាសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងកម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាលបាលប្រកបដោយនិរន្តរភាព ដែលមានថវិកាសរុបជាង ៨៥លានដុលា្លរដ្ឋអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០២១ ដល់ ២០២៣ ដែលត្រូវបានផ្តល់ជូនតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានគូសរំលេចថា ជោគជ័យនៃការគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ កើតឡើងពីការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាអគ្គមេបញ្ជការដឹកនាំចង្អុលបង្ហាញផ្ទាល់។

លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណ ដល់មូលនិធិសកល ដែលបានសហការគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលនាពេលកន្លងមក។

លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានសម្តែងនូវការកោតសរសើរ និងជូនពរដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕