(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវឱ្យកម្មករ កម្មការិនី ទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈថ្ងៃបោះឆ្នោតនៅសល់តែជាងមួយខែទៀតតែប៉ុណ្ណឹង។
សម្តេចតេជោបន្តអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោមានប្រសាសន៍ថា៖ «សូមក្មួយទាំងអស់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខសូមនាំគ្នាទៅបោះឆ្នោត។ ក្មួយៗនឹងបានឈប់សម្រាកបីថ្ងៃគឺ ទី២២ ២៣ និង២៤។ អ៊ីចឹងបើក្មួយៗនៅនេះច្បាស់ណាស់ថាថ្ងៃបោះឆ្នោត គឺជាថ្ងៃដែលក្មួយៗបានសម្រាក»។
សម្តេចតេជោបន្តថា ប៉ុន្តែកម្មករ កម្មការិនី ដែលមិនបានចុះឈ្មោះបោះឆ្នោតជិតទីតាំងការងាររបស់ខ្លួន នឹងតម្រូវឱ្យធ្វើដំណើរទៅស្រុកកំណើត ឬទីតាំងដែលខ្លួនបានចុះឈ្មោះបោះឆ្នោត។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានកំណត់រៀបចំឡើងនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ ក្នុងនោះដែរ គណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងទី១៨៕