(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី «ជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជន នៃគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»

ក្នុងឱកាសនោះ លោកស្រី ភឿង សកុណា បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខិតខំប្រឹងប្រែង ក៏ដូចជាពង្រឹងសាមគ្គីភាព ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានភាពរឹងមាំ និងរក្សាបាននូវសមិទ្ធផលការងារគួរជាទីមោទនៈ។

ក្នុងឱកាសនោះដែរ លោកស្រី ភឿង សកុណា ថែមទាំងបានផ្តាំផ្ញើដល់គណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កុំភ្លេចទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំរាជរដ្ឋាភិបាល ក្នុងការបន្តរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ ថែមទៀត។

ជាមួយគ្នានេះដែរ លោកស្រី ភឿង សកុណា បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើតែធ្វើការងារគ្រប់យ៉ាងគិតដល់ប្រយោជន៍ជាធំ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែធ្វើ និងប្រកាន់ខ្ជាប់ជានិច្ច ដើម្បីការឯកភាពជាតិ និងបូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ជាទីស្រលាញ់មួយនេះ

សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកស្រី ភឿង សកុណា ក៏បានរំលឹកដល់សមាជិកទាំងអស់ ត្រូវផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយដល់ពលរដ្ឋ ឲ្យបានយល់ដឹងអំពីគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ដែលនាំមកនូវសន្តិភាព។ កត្តាដែលប្រទេសយើងមានសុខសន្តិភាពនេះហើយ ដែលបានធ្វើឱ្យគណបក្សប្រជាជន មានគ្រប់លទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ មានការរីកចម្រើនលើគ្រប់វិស័យ៕