(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានបង្ហោះវីដេអូខ្លីមួយ ដោយបានលើកឡើងពីសារៈសំខាន់នៃសុខដុមរមនីយកម្មសាសនា ដែលជួយឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ ហើយថា ភាពសុខដុមរមនារវាងសាសនាខុសគ្នានៅកម្ពុជា គឺមិនមែនកើតឡើងដោយចៃដន្យទេ គឺដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា (CPP)។
លោកបណ្ឌិតបន្ថែមថា ជាមោទនភាពរបស់កម្ពុជា ដែលរក្សាបាននូវសុខដុមរមនីយកម្មសាសនា កម្ពុជាគ្មានជម្លោះសាសនានោះទេ ហើយរាជរដ្ឋាភិបាលរីករាយនូវសមិទ្ធផលគ្រប់សាសនាទាំងអស់ មិនមែនតែព្រះពុទ្ធសាសនា មានទាំងពីសាសនាឥស្លាម និងគ្រឹស្តសាសនាជាដើម។
លោកបន្តថា នៅកម្ពុជាសាសនាណាក៏អនុញ្ញាតឲ្យមានការគោរព ប៉ុន្តែធ្វើយ៉ាងណាកុំឲ្យមានការរើសអើងគ្នា ដែលនាំឲ្យមានការបែកបាក់សហគមន៍។
លោកបណ្ឌិតសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តរក្សាឲ្យបាន និងកាន់តែរឹងមាំនូវសុខដុមរមនីយកម្មសាសនា ដើម្បីជាប្រយោជន៍របស់សង្គមជាតិ។
លោកបណ្ឌិតបញ្ជាក់យ៉ាងដូច្នេះថា «ដរាបណាគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំរាជរដ្ឋាភិបាលនឹងបន្តធ្វើឲ្យសុខដុមរមនីយកម្មសាសនា នៅថែរក្សាបាន និងកាន់តែរឹងមាំថែមទៀត»៕