(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការកន្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ក្នុងនាមជាចំណុចទំនាក់ទំនងកូដិច បានសហការជាមួយអង្គការ HKI រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃការបង្កើតគណៈកម្មាធិការកូដិច (Codex Alimentarius Commission) ដែលជាស្ថាប័នអន្តររដ្ឋាភិបាលក្រោមការដឹកនាំរួមរបស់អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក សម្រាប់កម្មវិធីស្តង់ដារម្ហូបអាហារអន្តរជាតិ។
ពិធីនេះមានការអញ្ជើញចូលរួមដោយតំណាងមកពីស្ថាប័នរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ដែលមានជាប់ពាក់ព័ន្ធនៅក្នុងការងាររៀបចំស្តង់ដារម្ហូបអាហារអន្តរជាតិ រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសុខាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងមានការចូលរួមពីអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) អង្គការសុខភាពពិភពលោក (WHO) អង្គការហេទ្បែន ខេលល័រអន្តរជាតិ (HKI) សរុបប្រមាណ៦០រូប ក្រោមអធិបតីភាពឯកឧត្តម ផាន អូន ប្រតិរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប។
ក្នុងឆ្នាំ២០២៣នេះខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃការបង្កើតគណៈកម្មាធិការកូដិច នឹងក្លាយជា "ឱកាសដ៏អស្ចារ្យ" សម្រាប់កម្ពុជាដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពនិងគុណភាពម្ហូបអាហារ ស្របទៅតាមច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ហើយក៏ទាក់ទងនឹងការប្រារព្ធខួបលើកទី៥ នៃទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ដែលកម្ពុជានឹងរៀបចំក្នុងពេលខាងមុខ។
សូមបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកគណៈកម្មាធិការកូដិច (Codex Alimentarius Commission)តាំងតែពីឆ្នាំ១៩៧៤ និងបានចូលរួមយ៉ាងសកម្មផងដែរនៅក្នុងដំណើរការរៀបចំកសាងស្តង់ដារម្ហូបអាហារអន្តរជាតិ ដែលក្នុងនោះមានប្រទេសជាសមាជិកនៃសហប្រជាជាតិចំនួន១៨៨ប្រទេស។ នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាក៏បានទទួលការគាំទ្រផងដែរពីអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិនូវគម្រោង Codex Trust Fund-2 សម្រាប់រយៈពេល៣ឆ្នាំ (២០២៣-២០២៥) ដើម្បីរៀបចំពង្រឹងរចនាសម្ព័ន្ធកូដិចជាតិ និងសមត្ថភាពជំនាញរបស់ស្ថាប័នពាក់ព័ន្ធឱ្យទទួលបានចំណេះដឹងសមស្រប សម្រាប់ធានាការចូលរួមក្នុងសកម្មភាពកូដិចអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងផលប្រយោជន៍ជាតិ តាមរយៈការជំរុញផលិតផលម្ហូបអាហាររបស់កម្ពុជាឱ្យមានលក្ខណៈសមស្របតាមស្តង់ដារអន្តរជាតិ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារសំខាន់ៗក្នុងសកលលោក។
តម្លៃស្នូលនៃ កូដិច គឺការបង្កើតស្តង់ដារលើ មូលដ្ឋានវិទ្យាសាស្ត្រ និងសមស្របតាមគោលបំណងប្រើប្រាស់ដោយឈរលើទស្សនៈប្រកបដោយបរិយាប័ន្ន កិច្ចសហការ ការឯកភាព និងតម្លាភាព។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល កម្ពុជាក៏មានគោលដៅយុទ្ធសាស្ត្របង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចលើកកម្ពស់ ឧត្តមភាព និងជំរុញនវានុវត្តន៍ ដែលក្នុងនោះការ បន្តជំរុញការរៀបចំស្តង់ដារទំនិញ សេវា និងការគ្រប់គ្រងការលើកកម្ពស់គុណភាពគឺជាគោលនយោបាយអាទិភាព៕