(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សាសនិកឥស្លាមកម្ពុជា ប្រមាណ៧២៤នាក់ហើយ បានធ្វើដំណើរចាកចេញពីកម្ពុជា ទៅបំពេញកាតព្វកិច្ចធ្វើបុណ្យធម្មយាត្រាហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ឆ្នាំ២០២៣។
ការចេញដំណើរនេះ បានចាប់ផ្តើមធ្វើឡើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ខណៈឆ្នាំនេះមានសាសនិកឥស្លាមទៅបំពេញកាតព្វកិច្ចនេះ ជិត១ពាន់នាក់ ដោយក្នុងម្នាក់ៗចំណាយប្រមាណជាង ៧,៥០០ដុល្លារ។
នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក៏បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរសាសនិកឥស្លាម១០០នាក់ផងដែរ ទៅធ្វើបុណ្យធម្មយាត្រាហាជ្ជីនេះ ខណៈថ្ងៃនេះជាលើកទី៣ហើយ ដែលលោកបានអញ្ជើញជូនដំណើរសានិកឥស្លាម នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
នាឱកាសនោះ លោកបណ្ឌិតបានលើកឡើងថា ចំនួនសាសនិកឥស្លាមកម្ពុជា អញ្ជើញទៅបំពេញកាតព្វកិច្ចបុណ្យធម្មយាត្រាមានការកើនឡើង គួរឲ្យគត់សម្គាល់នៅឆ្នាំ២០២៣នេះ បើធៀបនឹងឆ្នាំ២០២២។
ការកើនឡើងនេះ ដោយសារសព្វថ្ងៃសាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ទទួលបាននូវជីវភាពធូរធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួន ឆ្ពោះទៅមុខជាបន្តបន្ទាប់ ដែលជាចំណែកមួយ នៃការកើនឡើង នៃសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
ជាចុងក្រោយ លោកក៏បានផ្តាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជី នាថ្ងៃនេះ ព្រមទាំងអ្នកចេញដំណើរជាបន្តបន្ទាប់ សូមប្រកបដោយ សេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម។
គួរបញ្ជាក់ថា ការទៅចូលរួមប្រតិបត្តិបុណ្យធម្មយាត្រាហាជ្ជី គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី អញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត៕