(បន្ទាយមានជ័យ)៖ មន្ត្រីចម្រុះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះពិនិត្យឃ្លាំងនិងដកហូតផលិតផលដើមកំណើតចេញពីសត្វទម្ងន់៧តោន ដែលវិចខ្ចប់ខុសលក្ខណៈបញ្ចេកទេសនៅក្បែរផ្សារត្រី ស្ថិតភូមិបាលេលិយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ក្រោយធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាហើយមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតសត្វបានសហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះពិនិត្យឃ្លាំង១កន្លែងដែលនាំទំនិញផលិតផលដើមកំណើតចេញពីសត្វដែលនៅក្នុងឃ្លាំងជាង២០តោន ហើយត្រូវបានដកហូត៧តោនដែលវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាព។

លោកបានបញ្ចាក់ថា ក្រោយពិនិត្យទំនិញផលិតផលដើមកំណើតពីសត្វទម្ងន់៧តោន ត្រូវបានដកហូតដែលវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងខូចគុណភាពព្រួយបារម្ភមានជម្ងឺផ្តាសាយបក្សីជាទំនិញដែលឈ្មួញជាម្ចាស់ឃ្លាំងនាំចូលពីប្រទេសថៃ ដើម្បីនាំចេញទៅលក់បន្តនៅតាមបណ្តាខេត្តមួយចំនួន។

លោក ហ៊ុយ ទូច បានបញ្ជាក់ថា ផលិតផលដែលមានដើមកំណើតចេញពីសត្វដែលត្រូវបានដកហូតចំនួន៧តោន និងម្ចាស់ឃ្លាំងបាននាំយកមកសាកសួរនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តនិងសាច់មាន់ប្រហិតចម្រុះដែលត្រូវដកហូត និងយកទៅដុតកំទិចចោលនិងកប់នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នៅជាយក្រុងសិរីសោភ័ណ៕