(សៀមរាប)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីក្រុងពាលី ដើម្បីបើកការដ្ឋានសាងសង់ស្នាក់ការមន្ត្រីឧទ្យានុរក្សខ្នងភ្នំ នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ស្ថិតនៅស្នាក់ការឧទ្យានុរក្សខ្នងភ្នំ ក្នុងភូមិសាស្ត្រភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
ពិធីនេះដែរបានប្រព្រឹត្តទៅក្រោមវត្តមានលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទធនាគារពិភពលោក លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំមូលដ្ឋាន ព្រមទាំងតំណាងសហគមន៍ជាច្រើននាក់ផងដែរ។
ចំពោះពិធីក្រុងពាលីសាងសង់អាគារនេះដែរ មានចំនួន៣ អាគារជាប់គ្នា អាគារធំនៅចំកណ្តាល (ទំហំ១៦ x១៦.ម កម្ពស់ ១ជាន់) និងអាគារតូចៗចំនួន២ អមសងខាង (ទំហំ១១៩៥.៥ ម កម្ពស់ ១ជាន់) ដែលគ្រោងចំណាយពេលក្និងការសាងសង់ ១៨០ថ្ងៃ ចាប់ពីថ្ងៃសម្ភោធការដ្ឋាន បញ្ចុះបឋមសិលានេះតទៅ។
គម្រោងនេះនឹងមាន «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (ន.ទ.ទ.ក)» មានរយៈពេលអនុវត្តចំនួន៦ឆ្នាំ និងបានចាប់ផ្ដើមដំណើរការជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ហើយនឹងត្រូវបញ្ចប់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥។ គម្រោងនេះដែរ ក៏មានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ហើយបែងចែកជា ៥សមាសភាគ៖ ១៖ ការពង្រឹងសមត្ថភាព ក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ ២៖ពង្រឹងឱកាសសម្រាប់ អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវាក់តម្លៃអនុផលព្រៃឈើ ៣៖ ជំរុញនូវការតភ្ជាប់ខ្សែផ្លូវចេញចូលនៅតាមជនបទ ៤៖ ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និង៥៖ ការឆ្លើយតបទៅនឹងគ្រោះអាសន្ននានា។
លោក សៅ សុភាព បានលើកឡើងថា វិសាលភាពរបស់គម្រោង គឺគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិ ដែលមានផ្ទៃដីប្រមាណជាង ៣,៨លានហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន ១៤ និងខេត្តគោលដៅចំនួន៧ រួមមាន៖ ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងសៀមរាប។ ក្នុងនោះក៏បានរួមបញ្ចូលផលិតកម្មផលនេសាទទឹកសាបដែលធំបំផុតមួយ ក្នុងពិភពលោក ព្រមទាំងតំបន់ការពារធម្មជាតិដ៏ធំជាងគេនៅឥណ្ឌូចិន ដែលមានជីវៈចម្រុះដ៏សំខាន់បំផុត ជាសកល និងគាំទ្រប្រជាជនកម្ពុជាប្រមាណ ៥លាននាក់ តាមរយៈការផ្តល់ប្រាក់ចំណូលអាហារ និងទឹកផងដែរ។
លោកបានបន្តថា សកម្មភាពគម្រោងផ្ដោតលើតំបន់ប្រើប្រាស់ឋបនីយជីវៈមណ្ឌលបឹងទន្លេសាប ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃតាតៃ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញ ខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ និងតំបន់ការពារចំនួន ៧ផ្សេងទៀត ដែលនៅក្បែរតំបន់ ទាំងនោះ មានជាអាទិ៍ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គីរីរម្យ ឧទ្យានជាតិបុទុមសាគរ ដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងកោះកាពិ។ (ន.ទ.ទ.ក) គឺជាគម្រោងដំបូងបំផុតរបស់ធនាគារពិភពលោក ដែលមានក្រសួងបរិស្ថានជាភ្នាក់ងារ ប្រតិបត្តិគម្រោង និងជាភ្នាក់ងារអនុវត្តសមាសភាគទី១ និងទី២ និងក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារ អនុវត្តសមាសភាគទី៣។
លោកបានបញ្ជាក់ថា គម្រោងនេះក៏មានថវិកាសរុបមានចំនួន ៥៧,៥៨លានដុល្លារ ដែលក្នុងនោះមានហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក ចំនួន ៥០,៦៦លានដុល្លារ ហិរញ្ញប្បទានឥតសំណងពីមូលនិធិបរិស្ថានសកល ចំនួន ៤,៤២លានដុល្លារ និងបដិភាគពីរាជរដ្ឋាភិបាលចំនួន ២,៥លានដុល្លារផងដែរ៕