(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការរួមរបស់គណបក្សប្រជាជនកម្ពុជាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីពេលថ្មីៗកន្លងទៅនេះថា «គណបក្សប្រជាជនកម្ពុជាប្តេជ្ញាការពារសមិទ្ធផលសង្គមជាតិ ប្រជាធិបតេយ្យ និងនីតិរដ្ឋដូចបច្ចុប្បន្នសម្រាប់កសាងអនាគតរុងរឿងរបស់កម្ពុជា»។
លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះបានអំពាវនាវយ៉ាងទូលំទូលាយចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមមេត្តាប្រើប្រាស់សិទ្ធិនិងករណីយកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋម្ចាស់ឆ្នោតស្របតាមការកំណត់របស់ការិយាល័យស្នងការជាន់ខ្ពស់សិទ្ធិមនុស្សអង្គការសហប្រជាជាតិ (United Nations Human Rights Office of the Hight Commissioner) ដែលបានចែងពីសិទ្ធិមនុស្ស និងការបោះឆ្នោតក្នុងមាត្រាមួយចំនួនក្នុងសៀវភៅដៃ (HUMAN RIGHTS And ELECTIONS: A Handbook on International Human Rights Standards on Elections) ដោយសូមអញ្ជើញទៅចូលរួមបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ កុំបីអាក់ខានឡើយ ដើម្បីសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់កម្ពុជាជាយូរអង្វែងទៅមុខទៀត។
ជាពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨នៅលើសន្លឹកឆ្នោត ដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្ត និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគត៕