(ភ្នំពេញ)៖ តំណាងអ្នកសារព័ត៌មាន Fresh News រួមទាំងអ្នកសារព័ត៌មានកម្ពុជាមកពីស្ថាប័នល្បីៗ ៨ស្ថាប័នផ្សេងទៀត នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៣នេះ បានចាប់ផ្តើមបំពេញទស្សនកិច្ច រយៈពេល៥ថ្ងៃ នៅខេត្តក្វាងស៊ី ប្រទេសចិន ដែលកម្មវិធីនេះធ្វើឡើងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការប្រតិបត្តិការរវាងអ្នកសារព័ត៌មានប្រទេសទាំងពីរ។

ទស្សនកិច្ចនេះធ្វើឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដែលរៀបចំឡើងក្រោមកិច្ចសហការគ្នារវាង កាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily ។

ក្នុងដំណើរទស្សកិច្ចនេះ អ្នកសារព័ត៌មានកម្ពុជាសរុប១៤នាក់ នឹងទៅកាន់ទីក្រុងសំខាន់ៗមួយចំនួន ក្នុងខេត្តក្វាងស៊ី រួមមានទីក្រុង Nanning ទីក្រុង Qinzhou ទីក្រុង Liuzhou ទីក្រុង Guilin និង កន្លែងផ្សេងទៀតជាបន្តបន្ទាប់ ក្នុងគោលដៅស្វែងយល់ និងផ្សព្វផ្សាយ អំពីវប្បធម៌ និងទេសចរណ៍ ដែលតភ្ជាប់ខេត្តក្វាងស៊ី របស់ចិន ជាមួយប្រទេសអាស៊ាន ព្រមទាំងការពិនិត្យ គម្រោងច្រករបៀងទាំងផ្លូវគោក និងផ្លូវទឹកថ្មីធំៗ និងសមិទ្ធផលនៅភាគខាងលិចផងដែរ។

ទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជា បានធ្វើឡើងស្របពេលដែលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹងកាន់តែខ្លាំងក្លាលើគ្រប់វិស័យ ខណៈដែលកម្ពុជា-ចិន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលកសាងសហគមន៍វាសនារួម ផងដែរ៕