(ភ្នំពេញ)៖  ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី លោកគ្រូ Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ មានការចូលរួមពី លោកស្រី Jung-yeon Shin នាយករងភ្នាក់ងារ KOICA ប្រចាំកម្ពុជា, លោកស្រី  Chintana Vongpaseuth លេខាទី១នៃស្ថានទូតអូស្រ្តាលី និងលោក Matthew Allen លេខាទូតទី១ នៃស្ថានទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា ថៃ និងឡាវ ព្រមទាំងមានការចូលរួមពីក្រុមការងាររៀបចំផែនការសកម្មភាពមីនខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណសម្រាប់ការគាំទ្រប្រកបដោយទឹកចិត្តសប្បុរសជូនចំពោះអង្គការ UNDP រាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សឺឡង់ ក្នុងចំណោមប្រទេសដទៃទៀត ដែលបានចូលរួមគាំទ្រការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា សកម្មភាពមីនរយៈពេលជាង ៣០ ឆ្នាំនេះ កម្ពុជា រួមជាមួយដៃគូអភិវឌ្ឍន៍ បានធ្វើការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីចំនួន ២ ៥៧៩ គីឡូម៉ែត្រក្រឡា។ ដីទាំងនោះ ត្រូវបានប្រគល់ជូនសហគមន៍វិញសម្រាប់គោលបំណដូចជាកសិកម្ម ការតាំងលំនៅថ្មី ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗជាដើម។ ចាប់ពីឆ្នាំ២០២២ បន្ថែមលើថវិកាចូលរួមពីដៃគូអភិវឌ្ឍន៍ និងប្រភពផ្សេងៗ សម្តេចតេជោ ហ៊ុន សែន បានកៀរគរធនធានបន្ថែម និងជំរុញឲ្យមានការចូលរួមពីវិស័យឯកជន និងសប្បុរសជននានា ក៏ដូចជាបានទម្លាក់នូវកញ្ចប់ថវិកាជាតិ តាមរយៈ «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដើម្បីបំពេញបន្ថែមនូវមហិច្ឆតាដោះស្រាយបញ្ហាមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។

ក្រៅពីផែនការបោសសម្អាតមីនសម្រាប់ឆ្នាំ២០២៣ដែលកំពុងដំណើរការ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តការគាំទ្រនូវផែនការបោសសម្អាតមីនសម្រាប់ឆ្នាំ២០២៤-២០២៥បន្ថែមទៀត ដោយគ្រោងនឹងបោសសម្អាតក្នុងទំហំផ្ទៃដីមានមីននៅសល់ប្រមាណជា ៣៥៩ គីឡូម៉ែត្រក្រឡា និងប្រើប្រាស់ថវិកាចំនួន ៧៨ លានដុល្លារអាមេរិក ព្រមទាំងបានជំរុញឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ និងពន្លឿនសកម្មភាពដើម្បីសម្រេចបាននូវគោលដៅកំណត់។

លោកបន្តទៀតថា «ប្រសិនបើសកម្មភាពមីន» គឺជាអ្នកផ្តល់លទ្ធភាពឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្តល់ផែនទីបង្ហាញផ្លូវសម្រាប់អនាគតឲ្យកាន់ប្រសើរឡើង អនាគតដែលមានវិបុលភាព បរិយាប័ន្ន និងនិរន្តរភាព សូមឲ្យទទួលយកនូវរបៀបវារៈ តម្រឹមកិច្ចខិតខំប្រែង និងធ្វើការរួមគ្នាឆ្ពោះទៅរកពិភពលោកដែលគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។»

លោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានទទូចឲ្យដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តការគាំទ្រ និងបង្កើននូវកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ពន្លឿនឈានទៅសម្រេចគោលដៅឆ្នាំ២០២៥ ឲ្យកាន់តែឆាប់។

តំណាងស្ថានទូតអូស្រ្តាលី បានលើកឡើងថា កម្ពុជា បានបង្កើតនូវប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់វិស័យសកម្មភាពមីន ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចនូវគោលដៅរបស់ខ្លួន។

ដៃគូអភិវឌ្ឍន៍ទាំងអស់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានក្នុងការងារសកម្មភាពមីននៅកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាព និងជួយសង្រ្គោះប្រជាជនកម្ពុជាចេញពីការគំរាមដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងប្តេជ្ញាបន្តគាំទ្រនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ចប់បញ្ហាមីនឱ្យអស់ក្នុងឆ្នាំ២០២៥។

ជាមួយគ្នានេះផងដែរ ដៃគូអភិវឌ្ឍន៍បានសម្តែងនូវការអបអរសាទរ និងគាំទ្រដល់កម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងជនមានពិការភាព ក្នុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានប្រទេសចំនួន ៤៥ ចូលរួម៕