(ភ្នំពេញ)៖ លោក ស ឡុងដេត អតីតថ្នាក់ដឹកនាំបក្សភ្លើងទៀន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើអនុរដ្ឋលេខាធិការ។
ក្នុងព្រះរាជក្រឹត្យដែលធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់តែងតាំងលោក ឡូញ តេត្រា ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើអគ្គនាយក។
សូមបញ្ជាក់ថា លោក ស ឡុងដេត ជាអតីតថ្នាក់នាំជាន់ខ្ពស់មួយរូបរបស់គណបក្ស ភ្លើងទៀន។ លោក បានរងការប្រតិកម្មថ្កោលទោសជាខ្លាំងពីគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម បន្ទាប់ពីលោកបាននិយាយធ្វើឱ្យប៉ះពាល់ដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនោះ។
តែទោះជាយ៉ាងណា លោក ស ឡុងដេត ក៏ទទួលបានការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីរូបលោកទទួលស្គាល់កំហុស និងសូមការអភ័យទោសពីសម្តេចតេជោ៕