(ភ្នំពេញ)៖ ក្រោយជួបប្រជុំជាមួយក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN) ដែលបានកាត់ផ្តាច់បណ្តាញខ្សែកាប្លិ៍ទូរគមនាគមន៍ដោយពុំមានការអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា ដែលផ្ទុយនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន, និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានព្រមានក្រុមហ៊ុននេះ ជាលើកចុងក្រោយ មិនត្រូវធ្វើការកាត់ផ្តាច់បណ្តាញខ្សែកាប្លិ៍ទូរគមនាគមន៍ ដោយពុំមានការអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជាឡើយ។
ក្នុងលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ផងដែរថា ក្នុងករណីក្រុមហ៊ុន នៅតែបន្តប្រព្រឹត្តល្មើស ផ្ទុយនឹងច្បាប់និងការណែនាំនេះ និយ័តករទូរគមនាគមន៍កម្ពុជា នឹងចាត់វិធានការដកហូតអាជ្ញាបណ្ណប្រតិបត្តិការរបស់ក្រុមហ៊ុន ព្រមទាំងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផ្សេងទៀត ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន៕