(​ស្ទឹងត្រែង)៖ លេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង​ បានរៀបចំវេទិកាផ្សព្វផ្សាយអប់រំ ស្តីពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប៉ះពាល់ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ដល់សិស្សានុវិទ្យាល័យព្រះរាជបូជនីយកិច្ច ​ ប្រមាណ១៥០នាក់ ​ដើម្បីឲ្យពួកគេជៀសឆ្ងាយពីគ្រឿងញៀន និង​ចូលរួមគ្នាទប់ស្កាត់និងប្រយុទ្ធប្រឆាំងគ្រឿងញៀន​។

វេទិកានេះបានធ្វើឡើងក្នុងបរិវេណមុខអាគារធនធាននៃវិទ្យាព្រះរាជបូជនីយកិច្ច នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង​ តំណាងស្នងការដ្ឋាននគបាលខេត្ត លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

វរសេនីយឯក ចែម ផានិត នាយការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានលើកឡើងថា ការអប់រំ ផ្សព្វផ្សាយ ផលប៉ះពាល គ្រឿងញៀន ដល់ មនុស្ស គ្រប់រូប គឺជា កត្តាសំខាន់ ជាពិសេសសិស្សានុសិស្ស ដែលជាទំពាងស្នងឬស្សី និងយុវជនដែលជាសសទ្រូងប្រទេសជាតិ។

លោកបន្តថា បច្ចុប្បន្នស្ថានភាពគ្រឿងញៀនមានភាពស្មុគស្មាញ ទោះបីជាការបង្ក្រាបគ្រឿងញៀនពីអាជ្ញាធរមានសមត្ថកិច្ចមានភាពសកម្មយ៉ាងណាក្តី ក៏ប៉ុន្តែឧក្រិដ្ឋជននៅតែបន្តលួចលាក់នាំចូលនូវសាធាតុញៀនតាមគ្រប់រូបភាព និងអ្នកប្រើប្រាស់នូវសាធាតុញៀនខុសច្បាប់ក៏មានកាន់តែច្រើនឡើងៗ។

លោកបន្ថែមថា«ស្ថិតក្នុងស្ថានភាពនេះទាមទាឲ្យយើងទាំងអស់គ្នា ត្រូវចូលរួមក្នុងទប់ស្កាត់ តាមរយៈរាយការណ៍ទៅកាន់សមត្ថកិច្ចពេលឃើញមានការលួចលាក់ជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។»

លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តបានលើកឡើងថា ការបង្ក្រាបគ្រឿងញៀន មិនមែនតែជាតួនាទីរបស់សមត្ថកិច្ចកម្លាំងនគបាលប៉ុណ្ណោះទេ ប៉ុន្តែវាជាតួនាទីរបស់យើងទាំងអស់គ្នា​ ដែលចូលរួមទប់ស្កាត់ តាមរយៈការមិនប្រើប្រាស់គ្រឿងញៀន ការរាយការណ៍ទៅកាន់សមត្ថកិច្ចពាក់ព័ន្ធដើម្បីចុះបង្ក្រាបទប់ស្កាត់។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ការថែទាំយុវជនឱ្យមានសុខភាពល្អរឹងមាំជាការងារសំខាន់ចាំបាច់ដែលត្រូវតែរួមគ្នាគិត រួមគ្នាធ្វើ ពិសេសការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដើម្បីពួកគាត់បានយល់ដឹង និងចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន និងត្រូវរួមគ្នាឆ្លើយថាទេចំពោះគ្រឿងញៀនព្រោះវាជាប្រភពបង្កបញ្ហាជាច្រើនដល់ធនធានមនុស្ស តម្លៃសង្គម និងសេដ្ឋកិច្ចជាតិ។

លោកបានបញ្ជាក់ថា គោលដៅសំខាន់នៃការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យនេះ គឺជាការគិតគូពីអនាគតរបស់ពួកគេ ដើម្បីឲ្យពួកគេជៀសឆ្ងាយពីគ្រឿងញៀន រំលឹក និងដាស់ស្មារតីរបស់សិស្សានុសិស្ស កុំឲ្យចង់សាក ចង់ដឹង និងប៉ះពាល់ចំពោះគ្រឿងញៀន ជាពិសេសឲ្យពួកគេរួមគ្នាទប់ស្កាត់និងប្រយុទ្ធប្រឆាំងគ្រឿងញៀន៕