(ឧត្តរមានជ័យ)៖ អគារសាលាបឋមសិក្សា១ខ្នង និងសមិទ្ធិផលនានា នៅក្នុងបរិវេណសាលាបឋមសិក្សា អូរគគីរ ក្នុងឃុំអន្លង់វែង ស្រុកអន្លង់ ខេត្តឧត្តរមានជ័យ ដែលជាអំណោយរបស់អង្គការសម្រេចសុបិន្តកុមារកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានលោក អ៊ុន សុភ័ក្រ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ។
នៅក្នុងឱកាសនោះលោក អ៊ុន សុភ័ក្រ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានបានចូលរួមក្នុងពិធីសម្ពោធនាពេលនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកអន្លង់វែងទាំងមូលផងដែរ។
លោកអភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពីតម្លៃនៃសុខសន្តិភាពដែលមានសព្វថ្ងៃក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យប្រទេសជាតិយើង មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ តាំងពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយ៉ាលនៅតាមព្រំដែន។ លោកបញ្ជាក់ទៀតថា បើគ្មានសុខសន្តិភាពទេ ក៏គ្មានវត្តមានអង្គការ នានា មានឱកាសចូលរួមអភិវឌ្ឍ កសាងសមិទ្ធិផលនានា ជូនបងប្អូនប្រជាពលរដ្ឋយើងដែរ។
ក្នុងនាមលោក ប៉ែន កុសល្យ, លោក អ៊ុន សុភ័ក្រ បានអរគុណចំពោះអង្គការសម្រេចសុបិន្តកុមារកម្ពុជា ដែលបានជួយកសាងអគារសាលាបឋមសិក្សាអូរគគីរនៅស្រុកអន្លង់វែងនេះឡើង។ លោកក៏អំពាវឱ្យចូលរួមថែរក្សាអគារ សាលាបឋម សិក្សានេះ ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង និងបានណែនាំដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតខ្លូនឯង ក្រុមគ្រួសារ និងសង្គមជាតិ ពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់ប្រភេទ៕