(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង ប្រធានគណៈពង្រឹងការងាររបស់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង កុំឱ្យបោះបង់ឱកាសប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការជ្រើសមេដឹកនាំប្រទេស ដែលមានប្រាំឆ្នាំម្តងនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងពិធីប្រគេនទេយ្យទានដល់ព្រះសង្ឃ១៩អង្គ មកពីវត្តទាំង១០ ក្នុងស្រុកកំពង់លែង នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ លោកបណ្ឌិត សឹង សំណាង បានលើកបង្ហាញពីគុណតម្លៃ និងសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧។
លោកបានគូសបញ្ជាក់ថា ការបោះឆ្នោតនេះ ជាឱកាសសម្រាប់ប្រជាពលរដ្ឋបង្ហាញឆន្ទៈ និងប្រើសិទ្ធិសេរីភាពរបស់ខ្លួន ជ្រើសរើសអ្នកដឹកនាំ ដែលខ្លួនមានជំនឿចិត្តថានឹងអាចដឹកនាំប្រទេសឈានទៅការអភិវឌ្ឍន៍ ការលើកតម្កើងសាសនា ជាពិសេសនាំមកនូវសុខសន្តិភាព ដែលអាចឱ្យប្រជាពលរដ្ឋបានជួបជុំគ្នារៀបចំពិធីសាសនានានា ក្រោមបរិយាកាសសប្បាយរីករាយ។
«យើងត្រូវទៅបោះឆ្នោតដែលជាកាតព្វកិច្ចរបស់យើង ហើយយើងកុំសម្លាប់សិទ្ធិរបស់យើងដែលជាប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសប្រជាធិបតេយ្យ ត្រូវបញ្ចេញសំឡេងគាំទ្រអ្នកដឹកនាំដែលជាអ្នកបញ្ចប់ភ្លើងសង្គ្រាមស៊ីវិល នាំមកនូវការបង្រួបបង្រួមជាតិ និងសន្តិភាពនៅទូទាំងប្រទេសនោះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា»។ នេះជាការលើកឡើងរបស់លោកបណ្ឌិត សឹង សំណាង។
លោកបណ្ឌិត សឹង សំណាង បានគូសរំលេចផងដែរ ពីចិត្តមេត្តា និងការសណ្តោសប្រណីរបស់សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ សមាជិក រួមទាំងអ្នកគាំទ្រ បក្សប្រឆាំងជាយុវជនបម្រើការងារតាមបណ្តាញអង្គការសង្គមស៊ីវិលនានា បានចូលមក រួមរស់ជាមួយរាជរដ្ឋាភិបាល។
លោកបណ្ឌិត បានបញ្ជាក់បែបនេះ «ពេលនេះមានថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្របក្សប្រឆាំង ជាយុវជន យុវនារី មកពីអង្គការសង្គមស៊ីវិលនានា ដែលលង់ជឿតាមការញុះញង់របស់ពួកអគតិ ពួកក្បត់ជាតិបីជំនាន់ បានវិលមកសុំការសន្តោសពីសម្តេចតេជោ និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីរួមគ្នាកសាងប្រទេសក្រោមឆ័ត្រសន្តិភាព»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា លោកបណ្ឌិត សឹង សំណាង និងភរិយា លោកស្រីអ៊ូ សិទ្ធិរី ជាមួយក្រុមការងារ បានរួមគ្នាប្រគេនទេយ្យទានដល់ព្រះសង្ឃ ១៩អង្គ គង់នៅក្នុងវត្តទាំង១០ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ទេយ្យទានដែលបានប្រគេនដល់ព្រះសង្ឃទូទាំងស្រុកកំពង់លែង នាពេលនោះ រួមមានអង្ករ ទឹកសុទ្ធ ទឹកក្រូច មី គ្រឿងឧបភោគជាច្រើនមុខ ព្រមទាំងបច្ច័យសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីអារាមផងដែរ។
ព្រះសង្ឃគង់នៅវត្តទាំង១០ ក្នុងស្រុកកំពង់លែង ដែលទទួលបានការប្រគេនទេយ្យទាន ប្រកបដោយសទ្ធាជ្រះថ្លានាព្រឹកមិញនេះ រួមមាន៖ វត្តពោធិ៍អណ្តែត វត្តកង្កែប វត្តប្រាសាទ វត្តថ្នល់ឈើទាល វត្តអន្លង់កញ្ចុះ វត្តដំណាក់កកោះ វត្តសំរោងសែន វត្តចំបក់ខ្ពស់ វត្តទំនប់ក្រោម និងវត្តភ្នំទេពពី។
ក្នុងពិធីនោះលោកបណ្ឌិត សឹង សំណាង មិនត្រឹមតែបំពេញការងារក្នុងពុទ្ធចក្រប៉ុណ្ណោះទេ លោកបានចែកឯកសណ្ឋានចំនួន ៧០ឈុត ជូនប្រជាការពារក្នុងភូមិទាំង៧ ក្នុងឃុំត្រងិល ស្រុកកំពង់លែង ហើយឯកសណ្ឋានទាំងអស់នេះ ជាអំណោយរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្ត ស្រុក ឃុំ និងជាការ ផ្តួចផ្តើម របស់លោក ហែន ហឿន ក្នុងបំណងលើកទឹកចិត្តប្រជាការពារឱ្យបំពេញការងារការពារសុវត្ថិភាពភូមិ ឃុំ ជូនប្រជាពលរដ្ឋក្នុងឃុំត្រងិល៕