(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព-ACU) នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានបើកវគ្គបំប៉ន មន្ត្រីនគរបាលយុត្តិធម៌ ស្ដីពី «ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ អ.ប.ព. ចំនួន ២៧៥ រូប ក្រោមអធិបតីភាពកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធាន អ.ប.ព.។
វគ្គបំប៉ននេះត្រូវបានរៀបចំឡើង រយៈពេល ២ថ្ងៃ នៅសាលប្រជុំធំ អ.ប.ព. ក្នុងគោលបំណងពង្រឹង និងពង្រីកចំណេះដឹង និងសមត្ថភាពផ្នែកច្បាប់ ក៏ដូចជាប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការ នៃ អ.ប.ព. នូវការយល់ដឹងពីការវិវត្តក្របខណ្ឌច្បាប់ថ្មីៗ ចរិកលក្ខណៈ និងធាតុផ្សំ នៃបទល្មើសពុករលួយសំខាន់ៗ វិធីសាស្ត្រក្នុងការស៊ើបអង្កេត ការកសាងសំណុំរឿង និងការប្រឆាំងការសម្អាតប្រាក់ ដើម្បីផ្តល់បន្ថែមទៀតនូវពុទ្ធិ ជំនាញ បច្ចេកទេស និងបទពិសោធន៍ល្អៗដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ អ.ប.ព. ក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
ទេសរដ្ឋមន្រ្តី ប្រធាន អ.ប.ព. បានមានប្រសាសន៍នៅក្នុងពិធីបើកវគ្គបំប៉នថា កន្លងមក ធ្លាប់ត្រូវបានរៀបចំជូនមន្ត្រីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ៦ លើករួចមកហើយ កាលពីឆ្នាំ២០១១, ឆ្នាំ២០១៣, ឆ្នាំ២០១៥, ឆ្នាំ២០១៦, ឆ្នាំ២០១៨ និងឆ្នាំ២០២២ ដែលមកទល់បច្ចុប្បន្ន មន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌រួចហើយ មានចំនួនសរុប ២១០ រូប ក្នុងនោះចំនួន ១៣រូប បានប្រកាសលើកទី១ កាលពីឆ្នាំ២០១០, ចំនួន ៦៧រូប បានប្រកាសលើកទី២ កាលពីឆ្នាំ២០១១, ចំនួន ១០៥ រូប បានប្រកាសលើកទី៣ កាលពីឆ្នាំ២០១៦ និងចំនួន ២៥ រូប ដែលបានប្រកាសលើកទី៤ កាលពីឆ្នាំ២០១៩។
លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនដល់សមាសភាពចូលរួមវគ្គបំប៉នលើប្រធានបទសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
* បទល្មើសពុករលួយ ដែលជួបប្រទះញឹកញាប់
* បទល្មើសពុករលួយដែលមានចែងក្នុងច្បាប់ផ្សេងទៀត (ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ, ច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ, ច្បាប់ស្តីពីសារពើពន្ធ)។
* វគ្គសិក្សានឹងស្វែងយល់អំពីបទល្មើស និងការប្រឆាំងការសម្អាតប្រាក់
* នីតិវិធី នៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុតិ្តធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ
* ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕