(ភ្នំពេញ)៖ រថយន្ដរបស់តារាកំប្លែងនាយខ្ចឹប បត់ចូលផ្ទះ ស្រាប់តែមានរថយន្ដកុងទីន័រមួយគ្រឿង របស់ក្រុមហ៊ុនផែស្ងួតសូងួន បើកមកពីក្រោយក៏ជ្រុលទី បុកបណ្តាលឲ្យបែកកញ្ចក់ខ្ទេច តែមិនមានអ្នករងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ2N-7886 បើកបរដោយតារាកំប្លែងនាយខ្ចឹប ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ រថយន្ដបានបត់ឆ្វេងគោលបំណងចូលផ្ទះ ពេលនោះស្រាប់តែមានរថយន្ដកុងទីន័រ មួយគ្រឿងរបស់ក្រុមហ៊ុនផែស្ងួតសូងួន មកបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យរថយន្ដរបស់នាយខ្ចឹបបែកកញ្ចក់ខ្ទេច ប៉ុន្ដែមិនមានអ្នកណារងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីទាំង២បានសម្រួលគ្នាដែរ ប៉ុន្ដែមិនត្រូវគ្នា ក្រោយមកសមត្ថកិច្ចជំនាញបានយករថយន្ដទាំង ២ ទៅរក្សាទុកដើម្បីដោះស្រាយ តាមក្រោយ៕