(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧបត្ថមសិក្សា ដែលមានគ្រឹះស្ថានសិក្សា១២៣ ជាសមាជិក បានណែនាំដល់សមាជិករបស់ខ្លួនអនុវត្តន៍តាមសេចក្តីណែនាំទាំងឡាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការបង់ពន្ធ។
នៅក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ សមាគម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ និងបានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស។
សមាគម បានឱ្យដឹងថា ដើម្បីសម្រាលការលំបាករបស់គ្រឹះស្ថានអប់រំ រាជរដ្ឋាភិបាល បានផ្តល់ការអនុគ្រោះដល់គ្រឹះស្ថានសិក្សាឱ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះ ពន្ធលើប្រាក់ចំណូល ពន្ធអបប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាកម្ម ការប្រាក់ និងភាគលាភ រយៈពេល៥ឆ្នាំបន្ថែមទៀត ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ ប៉ុន្តែគ្រឹះស្ថានសិក្សា ត្រូវបង់ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់តុកលើការជួលទីតាំង ពន្ធអចលនទ្រព្យ និងពន្ធប៉ាតង់។
សមាគម បានណែនាំឱ្យសមាជិករបស់ខ្លួនអនុវត្តន៍តាមអ្វីដែលជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្តមសិក្សាចេញមកបញ្ជាក់បែបនេះ បន្ទាប់ពីសាលារៀនមួយ បានជូនដំណឹងដល់អាណាព្យាបាលសិស្សរបស់ខ្លួនជួយបង់ពន្ធថ្លៃលើការសិក្សា១០ភាគរយ។ ការចេញមកទាមទាររបស់សាលាខាងលើនេះ គឺជាការផ្ទុយនឹងសេចក្តីរបស់រាជរដ្ឋាភិបាល។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញមកបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គឺមិនមានប្រភេទពន្ធលើថ្លៃការសិក្សានោះទេ។ ដោយឡែក ពន្ធលើប្រាក់ចំណូល តាមអត្រា២០ភាគរយ គឺជាបន្ទុករបស់គ្រឹះស្ថានសិក្សាផ្ទាល់ មិនមែនជាបន្ទុករបស់អាណាព្យាបាលសិស្សានុសិស្សឡើយ។ ដូច្នេះមិនមានការតម្រូវឱ្យអាណាព្យាបាលសិស្សានុសិស្សបង់ពន្ធលើថ្លៃការសិក្សា ២០ភាគរយ ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំ។
អគ្គនាយកដ្ឋានពន្ធ បានអះអាងផងដែរថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយចាត់ទុកជាវិស័យអប់រំជាវិស័យអាទិភាព និងបានផ្ដល់ការអនុគ្រោះលើកទឹកចិត្តផ្នែកពន្ធដារដល់វិស័យនេះជារៀងរហូតមក ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់រយៈពេល៥ឆ្នាំម្ដងៗ រហូតមកដល់បច្ចុប្បន្ន។ ថ្មីៗនេះ រាជរដ្ឋាភិបាល បានបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាកម្ម ការប្រាក់និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨ ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវបង់ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលទីតាំង ពន្ធអចលនទ្រព្យ និងប៉ាតង់។
អគ្គនាយកដ្ឋានពន្ធដារ ក៏បានអះអាងដែរថា ខ្លួននឹងសហការជាមួយស្ថាប័នអប់រំ និងស្ថាប័នពាក់ព័ន្ធនានា ធ្វើការពិនិត្យលើគ្រឹះស្ថានទាំងឡាយណា ដែលអនុវត្តមិនត្រឹមត្រូវស្របតាមគោលការណ៍លើកទឹកចិត្តពន្ធដាររបស់រាជរដ្ឋាភិបាលដល់វិស័យអប់រំ ហើយក្នុងករណីរកឃើញថា ស្ថាប័នអប់រំណាមួយប្រព្រឹត្តល្មើសនឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់និងលិខិតបទប្បដ្ឋានគតិយុត្តជាធរមាន៕